ភ្នំពេញ ៖ ស្ត្រី២នាក់ដែលជាមេខ្លោង ឆបោករថយន្តគេចំនួន៤២គ្រឿង ទៅបញ្ចាំតាមកុងស៊ី យកលុយដើរស៊ីចាយអស់ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ ២ឆ្នាំទៀត បន្ថែមលើសំណុំរឿងទី១០ សរុបទោសទាំងអស់ អ្នកទោសទាំង២នាក់ ត្រូវជាប់ទោសរហូតដល់ ២០ឆ្នាំ និងតម្រូវឲ្យសងប្រាក់ទៅដើមបណ្តឹងរាប់សែនដុល្លារ ។
សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំងពីរនាក់ ឈ្មោះ ឃាម រដ្ឋា ហៅ យ៉ា អាយុ៣៥ឆ្នាំ និងឈ្មោះ ផេង លី ហៅ ដា អាយុ៣៣ឆ្នាំ ត្រូវបានចៅក្រម សម្រេចចោទប្រកាន់ពីបទឆបោក និងបទរំលោភលើទំនុកចិត្ត យោងតាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ។
ចំណែកជនទី៣ ម្នាក់ទៀត ឈ្មោះ ឈាន ភក្ដី ហៅស្រម៉ូម ដែលដំបូងឡើយ សមត្ថកិច្ចចាប់ខ្លួនមកជាមួយជនជាប់ចោទទាំងពីរនាក់ខាងលើនោះ ត្រូវបាបនចៅក្រមស៊ើបសួរ សម្រេចដោះលែងទៅវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសឆបោករថយន្តគេចំនួន៤២គ្រឿង ទៅបញ្ចាំតាមកុងស៊ីនេះ ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃាម រដ្ឋា ហៅយ៉ា យកមកសួរនាំ ។ ឃាម រដ្ឋា បានឆ្លើយសារភាពថា ពិតជាបានជួលរថយន្តពីម្ចាស់ទាំង៣នាក់ អស់ចំនួន១២គ្រឿងពិតប្រាកដមែន ។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន២នាក់បន្ថែមទៀតគឺឈ្មោះ ឈ័ន ភក្តី ហៅ ស្រម៉ូម ហៅ ពន្លក ភេទប្រុស និងឈ្មោះ ផេង លី ហៅ ដា ភេទស្រី ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបី សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនរងគ្រោះ១៤នាក់ផ្សេងទៀត ដែលចាញ់កលល្បិច ក្រុមជនសង្ស័យទាំង២នាក់នេះដូចគ្នា ហើយសមត្ថកិច្ចបានទំនាក់ទំនងជនរងគ្រោះទាំង១៤នាក់មកដាក់ពាក្យបណ្តឹង ។
សរុបជនរងគ្រោះ ដែលសមត្ថកិច្ចបានរកឃើញមានចំនួន១៦នាក់ ត្រូវមនុស្សមួយក្រុម ជួលរថយន្តមកបញ្ចាំ អស់ចំនួន៣៤គ្រឿង ។
នៅដំណាក់កាលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ក្រុមខ្លួនពិតជាបានជួលរថយន្តពីជនរងគ្រោះយកមកបញ្ចាំ និងដាក់ជួលបន្តពិតប្រាកដមែន តែមិនមែនជួល៣៤គ្រឿងនោះទេ គឺពួកនាងបានជួលរហូតដល់ទៅ៤២គ្រឿង ពីជនរងគ្រោះទាំង១៦នាក់ និងជនរងគ្រោះផ្សេងទៀត ដែលសមត្ថកិច្ចមិនទាន់អាច ទាក់ទងមកដាក់ពាក្យបណ្តឹងបាន ៕ ដោយ ៖ បញ្ញាស័ក្តិ