ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia បានប្រកាសថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូល ពីតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ដើម្បីបានជាមូលដ្ឋាន ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្ដីពី វិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលបន្តខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសវិនិយោគ ក្នុងនោះច្បាប់វិនិយោគមួយ ដែលមានភាពទាក់ទាញ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ គឺជាកត្តាដែលមិនអាចខ្វះបាន ដែលទាមទារ ឱ្យរាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការពិនិត្យឡើងវិញនូវក្របខ័ណ្ឌ គតិយុត្ត និង រៀបចំច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីឱ្យស្របទៅនឹងបរិការណ៍តំបន់ ក៏ដូចជា ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្ដមបានបន្ដថា បើទោះជាច្បាប់ស្តីពីវិនិយោគ បច្ចុប្បន្ន មានលក្ខណៈបើកទូលាយជាងច្បាប់របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ ក៏ដោយ ។ លោកបានសង្កត់ធ្ងន់ថា ការចូលរួម របស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័ន ស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកច្បាប់ គឺពិតជាមានសារសំខាន់ ក្នុងការពិភាក្សា ផ្តល់ធាតុចូល និងមតិយោបល់ សម្រាប់ការរៀបចំតាក់តែងច្បាប់ថ្មីនេះ ។
លោកបានលើកឡើងថា កន្លងមក ក.អ.ក (CDC) បានធ្វើការសិក្សា និងទទួលបាននូវធាតុ ចូលមួយចំនួនហើយ ពីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) របាយការណ៍ ពិនិត្យឡើងវិញ នូវគោលនយោបាយស្តីពីវិនិយោគ នៅកម្ពុជា របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) អំពីបទពិសោធន៍ និងឧត្តមានុវត្ត នៃការរៀបចំច្បាប់វិនិយោគ របស់បណ្តាប្រទេសនានា នៅក្នុងតំបន់ ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC បានបញ្ជាក់បន្ថែមថា តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និង ក្រុមប្រឹក្សាផ្នែកច្បាប់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរៀបចំសេចក្តីព្រាង ច្បាប់ថ្មី ស្តីពីការវិនិយោគ និងបានផ្តល់ធាតុចូលបឋមមួយចំនួន ព្រមទាំងបានសន្យាផ្ញើនូវមតិ យោបល់ និងធាតុចូលបន្ថែមទៀតមក CDC ក្នុងពេលដ៏ឆាប់ខាងមុខ ។
ជាទីបញ្ចប់ លោកសុខ ចិន្តាសោភា បានអរគុណដល់អ្នកចូលរួម ដែលបានផ្តល់ធាតុចូលយ៉ាងច្រើន ក្នុងកិច្ចប្រជុំនោះ ហើយលោកក៏សង្ឃឹមថា ជាមួយនឹងការបន្តចូលរួមសហការយ៉ាងស្វិតស្វាញ ពីគ្រប់តួអង្គពាក់ព័ន្ធ ច្បាប់ថ្មី ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងលេចចេញជារូបរាង នាពេលអនាគតដ៏ខ្លីខាងមុខ ដែលនឹងទទួលបាន នូវការសារទរ ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ។
គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើត ឡើងជាលើកដំបូង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ឆ្នាំ១៩៩៣ ដែលបានអនុម័ត និងដាក់ ឱ្យអនុវត្តន៍ ចាប់ពីឆ្នាំ១៩៩៤មក បន្ទាប់មកត្រូវបានធ្វើវិសោធនកម្ម នៅឆ្នាំ២០០៣ ដើម្បីឱ្យស្របទៅតាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ៕ ដោយ ៖ កូឡាប