Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ ដឹក​ស្វាយ​លើស​ចំណុះ ឡើង​ស្ពាន​ព្រះមុនីវង្ស​មិន​រួច រអិល​ថយក្រោយ បុក​រះ​បង្កាន់ដៃស្ពាន ក្រឡាប់​រថយន្ត​ផ្ងារជើង​

ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​ធុន​ធំ​ដឹក​ស្វាយ ទម្ងន់​ជាង​១៥​តោន ឡើង​ស្ពាន​ព្រះមុនីវង្ស មិន​រួច​រអិល​ថយក្រោយ បុក​រះ​បង្កាន់ដៃស្ពាន​បណ្ដាល​ឲ្យ​ក្រឡាប់ រថយន្ត​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ​។

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោងជាង​២​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

​បើតាម​ប្រភពព័ត៌មាន​ពី​ស្រី្ត​ម្នាក់ ដែលជា​ម្ចាស់​ស្វាយ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​រូបគាត់ នឹង​អ្នកបើកបរ​ម្នាក់ បាន​ដឹក​ស្វាយ​មួយ​ឡាន​ពេញ ដោយ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​3A-2397 បើកបរ​បុរស​ម្នាក់ ដោយ​ផ្ទុក​ទម្ងន់​ជាង​១៥​តោន ដើម្បី​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បើក​ឡើង​ស្ពាន​ព្រះមុនីវង្ស ក្នុង​ល្បឿន​លឿន លុះ​ជិត​ដល់​ពាក់កណ្ដាល​ស្ពាន ស្រាប់តែ​រថយន្ត​ទៅមុខ​លែងរួច ហើយ​ភ្លាមៗ​នោះ គាត់​បាន​រត់​ចុះ​យក​ឈើ​ទៅ​ដាក់​កង់​រថយន្ត ដើម្បី​កុំ​ឲ្យ​រអិល​ថយក្រោយ តែដោយសារ​រថយន្ត​ដឹក​ធ្ងន់​ពេក ក៏​រអិល​ថយក្រោយ​ជ្រុល​បុក​រះ​បង្កាន់ដៃស្ពាន​ព្រះមុនីវង្ស បណ្ដាល​ឲ្យ​រង​ការខូចខាត​អស់​ចំនួន​៤​ផ្ទាំង ចំណែកឯ​រថយន្ត​វិញ បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​រួច​ធ្វើការ​ទាក់ទង ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×