ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលីសជំនាញនៃអធិការនគរបាលស្រុកគីរីវង់ សហការណ៍និងកម្លាំងប៉ុសិ៍្ដរដ្ឋបាលនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកដទៃសម្រេចមិនបានប៉ុន្មានម៉ោងផង។
ការចាប់ខ្លួនជនសង្ស័យករណីលួចម៉ូតូនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧និង២៣នាទី ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ សហការណ៍ជាមួយប៉ុសិ៍្តនគរបាលរដ្ឋបាលភ្នំដិននៅចំណុចភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ លោកអធិការស្រុកបានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីចោរកម្មនេះនិងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវផងនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ខុម ខែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង់។ លោកអធិការបញ្ជាក់ដែរថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូពីឈ្មោះ ញ៉ាន់ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់។
បច្ចុប្បន្នក្រោយចាប់ខ្លួនបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកគីរីវង់បានធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនៅតិវិធី ៕ ដោយ ៖ តាកែវ