ឧត្ដរមានជ័យ ៖ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា រយៈពេលប្រមាណមួយខែកន្លងទៅនេះ សមត្ថកិច្ចថៃបានចាប់ពលរដ្ឋខ្មែរជាច្រើននាក់ យកទៅដាក់ទោសតាមច្បាប់ ដោយសារពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងលើទឹកដីថៃ។
ប្រភពមន្ត្រីអាជ្ញាធរសង្កាត់អូរស្មាច់ បានបញ្ជាក់ថា ច្រករបៀងដែលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូងលើទឹកដីថៃ គឺនៅក្នុងតំបន់ ដែលគ្រប់គ្រង ដោយវរនគរបាលការពារព្រំដែនគោកលេខ៧០២ ដែលមានលោកវរសេនីយ៍ឯក គង់ សុខាន់ ជាមេបញ្ជាការ។
ប្រភពសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់អូរស្មាច់ បានបញ្ជាក់ថា រយៈពេលមួយខែកន្លងទៅនេះ មានពលរដ្ឋខ្មែរ៨នាក់ត្រូវសមត្ថកិច្ចការពារព្រំដែនថៃ ចាប់យកទៅដាក់គុកតាមច្បាប់របស់គេព្រោះពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃ។ ពលរដ្ឋខ្មែរទាំងនោះឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីថៃ ដើម្បីយកមកលក់ឲ្យឈ្មួញ ដែលធ្វើសកម្មភាពទិញឈើគ្រញូង តាមខ្សែព្រំដែលគ្រប់គ្រងដោយនគរបាលវរការពារព្រំដែនលេខ៧០២ ជាយូរមកហើយ។ ហើយសកម្មភាពរបស់ឈ្មួញឈើ ជាអ្នកកៀរគរពលរដ្ឋខ្មែរឲ្យចូលកាប់ឈើគ្រញូងលើទឹកដីសៀមស្ពានយយកមកលក់ឲ្យខ្លួនក្នុងតម្លៃទាប។
បើតាមផេកហ្វេសប៊ុក សាមបួន តាមាន់ កាលពីថ្ងៃទី១៥កុម្ភៈបានឲ្តដឹងថា (ខ្ញុំគង់ សុខាន់ មិនមែនជាអ្នកឃុបឃិតនឹងឈ្មួញនោះទេ)។
ក្នុងនាមមេបញ្ជាការវរសេនាតូចការពារព្រំដែន702 : ខ្ញំសូមជំរាបជូនបងប្អូនដែលកំពុងប្រើប្រាស់បណ្តាញសង្គមទាំងអស់បានជ្រាបថា ៖ ចំពោះសារពត៌មានដែលបានចុះផ្សាយកាលថ្ងៃ14 ខែ កុម្ភៈ ឆ្នាំ2019 នៅលើបណ្តាញសង្គម ដែលបានបង្ហោះផ្សាយថាប្រជាពលរដ្ឋជាច្រើននាក់ឆ្លងដែនចូលកាប់ឈើក្នុងដីថៃត្រូវបានអាជ្ញាធរថៃចាប់ខ្លួនដោយចោទប្រកាន់ថាលោកវរសេនីយ៍ឯក គង់ សុខាន់មេបញ្ជាការវរការពារព្រំដែន 702 ជាអ្នកសម្រួលជាថ្នូនិងប្រាក់នោះ គឺជាពត៌មានប្រឌិតបំភ្លើសខុសពីការពិតនិងគ្មានវិជ្ជាជីវ: ។
មេបញ្ជាការវរសេនាតូចការពារព្រំដែន702 បានឲ្យដឹងថា ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចុះផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលនាំ ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសសេចក្តីថ្លៃថ្នរមកលើរូបខ្ញុំក៏ដូចជា អង្គភាពទាំងមូល។ ខ្ញុំសូមជំរាបជូនបងប្អូន ក្នុងបណ្តាញសង្គមបានជ្រាបថា កន្លងមកកម្លាំងយើងខ្ញុំបានខិតខំ អនុវត្តន៍នូវបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិក៏ដូចជា បទបញ្ជា,អគ្គស្នងការរងទទួលព្រំដែននិងជាមេបញ្ជាការប្រចាំភូមិភាគ4-5 និងការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ឲ្យកម្លាំងយើងខ្ញុំសហការជាមួយកងទ័ព ធ្វើការចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនជាប្រចាំក្នុងគោលដៅ ទប់ស្កាត់រាល់បទល្មើសតាមព្រំដែនពិសេសការលបលួចឆ្លងដែនចូលកាប់ឈើក្នុងដីថៃដោយខុសច្បាប់ជាក់ស្តែង៖ ក្នុងឆ្នាំ2018កន្លងទៅនេះ យើងបានធ្វើការបង្ក្រាបទប់ស្កាត់ ប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ចំនួន 02លើក បានអប់រំ ចំនួន 11នាក់ដកហូតសំភារ:ឈើចំនួន13 សម្ពាយស្មើ 25 ដុំរណា 03 ខ្សែចំនួន 09 ពូថៅនិងសម្ភារ:ផ្សេផងៗមួយចំនួនផងដែរ។ ប៉ុន្តែទន្ទឹមការខិតខំបង្ក្រាបទប់ស្កាត់និងធ្វើការផ្សព្វផ្សាយអប់រំដល់ បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីហានីភយ័កើតឡើងនៅពេលលលួចចូលទឹកដីគេ ដោយខុសច្បាប់ក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួន ដែលមានលំនៅឋានជាប់ព្រំដែននិងមានជីភាពខ្វះខាត នៅតែលបលួចចូលតាមច្រកដែលចន្លោះទីតាំងឈរជើងរបស់កំលាំងការពារព្រំដែននិងមួយចំនួនចូលតាមច្រកទ្វារអន្តរជាតិ ដោយស្របច្បាប់ពេលទៅដល់ក្នុងទឹកដីថៃហើយទើបធ្វើសកម្មភាព លបលួចកាប់ឈើតែម្តង។
ដូចបងប្អូនជ្រាបស្រាប់ហើយថា ភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនមិនមែនមានតែអង្គភាពយើងខ្ញុំនោះទេ ក៍មានអង្គភាពកងទ័ពឈរជើងជាច្រើនអង្គភាពទៀតដែរ ហើយមានសភាពស្មុគ្រស្មាញសំបូរទៅដោយព្រៃភ្នំជ្រលងដងអូរ និងវែងឆ្ងាយដែលមានប្រវែង224km ស្របតាមបន្ទាត់ព្រំដែន ហើយយើងមិនអាចដាក់ពង្រាយកម្លាំងដូចបង្គោលរបងបាននោះទេ មានកន្លែងខ្លះចន្លោះពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយ មានគំលាតឆ្ងាយពីគ្នា ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋលបលួចឆ្លងដែន ចូលទៅតាមចំណុចទាំងនោះបានព្រោះពួក គាត់ស្គាល់ភូមិសាស្ត្រទីនោះដែរ។
-ចំពោះមេឈ្មួញឈើឈ្មោះ ឈឿង សក្ត័ នោះគឺខ្ញុំសូមបដិសេធថាពុំដែលមានទំនាក់ទំនង ត្រូវរ៉ូវគ្នានិងមិនដែលស្គាល់ឈ្មោះ ឈឿង សក្ត័ នោះដូចបណ្តាញពត៌មានសរសេរបំភ្លើសការពិតនោះឡើយ។
ជាចុងក្រោយ ខ្ញុំសូមណូមពរសុំឲ្យបណ្តាញសារពត៌មានមេត្តាពិនិត្យឲ្យបានល្អិតល្អន់ កុំឲ្យគ្រាន់តែឮ ហើយចុះផ្សាយសូមឲ្យបំពេញកិច្ចការប្រកបដោយវិជ្ជាជីវ: និងកិច្ចសហការល្អ។
ខ្ញុំសូមគោរពជូនពរដល់បងប្អូនក្នុងបណ្តាញសង្គមទាំងអស់ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន។
បើតាមការដកស្រង់ចេញពីកាសែតថៃឲ្យដឹងថា មានពលរដ្ឋខ្មែរ ១៨ នាក់មកពីបណ្តាខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជាត្រូវបានកម្លាំងទាហានថៃ សហការជាមួយមន្ត្រីជំនាញរក្សាព្រៃឈើថៃ បានចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ ខណៈដែលពលរដ្ឋខ្មែរទាំង១៨នាក់នោះ ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកថៃឧទ្យានជាតិ «ថាប់ឡានទី៣ និងទី៤ចំណុចខ្លងណាំម៉ាន់ស្ថិតនៅស្រុកខនបុរីខេត្តនគររាជសីម៉ា ប្រទសថៃកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។
បើតាមការសែតថៃឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រតិបត្តិការដែលកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបចាប់ឃាត់ខ្លួនទន្ទឹមដែលពលរដ្ឋខ្មែរជាច្រើននាក់បានកំពុងធ្វើដំណើរមានសម្ភារជាមធ្យោបាយដូចជារណាយន្ត ស្បៀងអាហារ និងមានកាំភ្លើងបាញ់ខ្យល់ហ្គាសផងដែរ ត្រូវបានសមត្ថកិច្ចចម្រុះថៃឡើមព័ទ្ធចាប់បានជាបន្តបន្ទាប់ និងមានមួយចំនួនទៀតរត់គេចខ្លួនបានដោយសុវត្ថិភាព ខណៈដែលពួកគេដើរសំដៅកាត់ព្រៃ និងភ្នំឆ្ពោះលបចូលទៅកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ។ ពលរដ្ឋខ្មែរទាំង១៨នាក់មកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ថរមានជ័យ សៀមរាប កំពង់ចាម និងតាកែវ ។
សូមបញ្ជាក់ថា ជុំវិញនៃការឆ្លងដែនខុសច្បាប់ ពីពលរដ្ឋខ្មែរចូលកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងទឹកដីថៃកន្លងមកសេចក្តីរាយការណ៍ឲ្យដឹងថា គឺមានពលរដ្ឋខ្មែរ មួយចំនួនត្រូវរងការបាញ់សម្លាប់ចាប់ដាក់គុកពីសំណាក់សមត្ថកិច្ចថៃជាបន្តបន្ទាប់ ។
ពលរដ្ឋខ្មែរទាំងនោះត្រូវបានឈ្មួញរកស៊ីជំនួញឈើគ្រញូងជនជាតិថៃ និងឈ្មួញខ្មែរសហការគ្នាជួលពួកគេឆ្លងដែនចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃទាំងប្រថុយប្រឋាន ។ ការលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃត្រូវគេរាយការណ៍ឲ្យដឹងថា ពលរដ្ឋខ្មែរធ្វើដំណើរជាក្រុមៗយ៉ាងហោចណាស់១ក្រុម មានគ្នាចាប់ពី៥០នាក់ឡើងទៅផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ