ភ្នំពេញ ៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទសារព័ត៌មានមួយ ក្នុងគោលបំណងប្រកាសបើកជាផ្លូវការ នូវព្រឹត្ដិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត ដោយបានការចូលរួម ពីក្រុមកីឡាករឆ្នើម ក្នុងស្រុកនិងក្រៅស្រុក ជាច្រើនក្រុម ។
លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា និងលោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក SAMSON WONG អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រនិងលោក Chris Liu ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) បានចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងសន្និសីទសារព័ត៌មាននេះ នឹងស្វាគមន៍នូវការប្រកាសបើកជាផ្លូវការ នូវព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក SAMSON WONG បានថ្លែងថា នេះជាព្រឹត្តិការណ៍បាល់ទះឆ្នេរខ្សាច់អន្តរជាតិលើកទី ២ ដែលបានប្រារព្ធឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រ ក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ។ ការប្រកួតកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិនេះ នឹងមានក្រុមកីឡាឆ្នើមសញ្ជាតិកម្ពុជា និងក្រុមកីឡាករឆ្នើមអន្តរជាតិជាច្រើនក្រុម ដូចជា មកពីប្រទេសជប៉ុន ឆេក ថៃ សហរដ្ឋអាមេរិក ទីក្រុងតៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាឡឺម៉ង់ ក្រិក ស៊ុយអែត និងបណ្តាប្រទេសជាច្រើនទៀត។
លោកបានបន្តថា ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ នឹងផ្តល់ភាពរំភើបរីករាយក្រៃលែង សម្រាប់ទស្សនិកជនដោយសារកីឡាករ មកពីបណ្ដាប្រទេសជាច្រើន និងចូលរួមប្រកួតប្រជែងគ្នា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុដែលអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ FIVB World Tour ព្រឹត្តិការណ៍អន្តរជាតិអូឡាំពិច 2020 ដើម្បីឈានរកទៅជើងឯកពិភពលោក។
កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី 21 កុម្ភៈដល់ថ្ងៃទី 16 ខែមេសា នៅទូទាំងខេត្តក្រុងឃុំចំនួន 7 ដោយមានកាលវិភាគប្រកួត ដូចខាងក្រោម ១ . រាជធានីភ្នំពេញថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែកុម្ភៈ ។ ២. ខេត្តព្រះសីហនុ ថ្ងៃទី២ ដល់ទី ៣ ខែមីនា។ ៣. ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ដល់ទី១០ខែមីនា។ ៤. ខេត្តសៀមរាបនៅថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែមីនា។ ៥. ក្រុងប៉ោយប៉ែត ថ្ងៃទី 30 ដល់ថ្ងៃទី 31 ខែមីនា ។ ៦. ខេត្តបាត់ដំបង ថ្ងៃទី 4 ដល់ថ្ងៃទី 7 ខែមេសា។ ៧. ខេត្តកំពង់ចាម នៅថ្ងៃទី 14 ដល់ថ្ងៃទី 16 ខែមេសា។ កម្មវិធី 2-Star World Tour នឹងប្រព្រឹត្តធ្វើឡើងនៅរាជធានីភ្នំពេញ សម្រាប់កីឡាការិនី និងនៅខេត្តសៀមរាប សម្រាប់កីឡាករផ្នែកបុរស។ ទន្ទឹមនឹងនេះផងដែរ កម្មវិធី 1-Star World Tour នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺ សម្រាប់កីឡាករផ្នែកបុរស និងខេត្តបាត់ដំបង សម្រាប់កីឡាការិនី ។ រង្វាន់ទឹកប្រាក់សរុបគឺ 6 ម៉ឺនដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗ នៃក្របខ័ណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានប្រាក់រង្វាន់ទឹកប្រាក់ 5000 ដុល្លារអាមេរិក ចំណែកឯក្រុមជ័យលាភីនីមួយៗ នៃក្របខ័ណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 25000 ដុល្លារអាមេរិក។
ការប្រកួតបើកឆាក ចាប់ផ្ដើមពីម៉ោង 9 ដល់ម៉ោង 5 ល្ងាចចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែកុម្ភៈ នៅបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីប្រកួតនេះ នឹងធ្វើឡើងនៅខេត្តក្រុងចំនួន 7 ។ បន្ទាប់ពីកម្មវិធីប្រកួត នៅពេលថ្ងៃ មានការប្រគំតន្ត្រីរបស់ស្រាបៀរអាន់ឆ័រ ដោយមានការអញ្ជើញចូលរួមពីតារាល្បីៗអន្តរជាតិ ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបដូចជា កញ្ញាឱក សុគន្ធកញ្ញា លោកណុប បញ្ញារិទ្ធ លោកឆន សុវណ្ណារាជ លោកហ្សូណូ អ្នកនាងសុខ ស្រីនាង លោកនី រតនា កញ្ញាទេព បូព្រឹក្ស កញ្ញាសួស វីហ្សា អ្នកនាងពេជ្រ សោភា លោកនីកូ អ្នកនាងសុគន្ធ នីសា លោក ស្តិប ជីឌេតូតូ និងតារាជាច្រើនរូបទៀត ។ កាន់តែធំកាន់តែអស្ចារ្យកាន់តែកក្រើកនិយាយ។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ជាមួយស្រាបៀរអាន់ឆ័រ សូមកុំរំលងព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំនេះឲ្យសោះ សូមយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដ ជាមួយរសជាតិដ៏ស្រទន់ ពីស្រាបៀរអាន់ឆ័រ រីករាយស្រស់ថ្លាចាប់ផ្ដើមជាមួយស្រាបៀរអាន់ឆ័រ ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យ កីឡាក្នុងគោលបំណងលើកកម្ពស់សុខភាព សុខុមាលភាព និងភាពរឹងមាំរបស់ប្រជាពលរដ្ឋ។ ការលេងកីឡា ផ្តល់ផលប្រយោជន៍សម្រាប់មនុស្សគ្រប់វ័យឱ្យទទួលបានសុខភាពល្អ ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា និងជួយ ឱ្យជៀសផុតពីភាពអសកម្មផ្សេងៗក្នុងសង្គម។ កីឡាបាល់ទះគឺជាប្រភេទកីឡា ដែលពេញនិយម និងមានប្រជាប្រិយ៍ភាពលំដាប់ទីពីរ នៅលើពិភពលោក ហើយនៅព្រះរាជាណាចក្រកម្ពុជា ក៏មានប្រជាពលរដ្ឋជាច្រើននាក់ ទាំងចាស់ទាំងក្មេងលេងកីឡានេះ។
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានធ្វើការជំរុញ និងអភិវឌ្ឍសកម្មភាពកីឡាបាល់ទះនៅក្នុងព្រះរាជា ណាចក្រកម្ពុជា បានរៀបចំក្រុម ក្លឹបកីឡា និងរៀបចំផែនការធ្វើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី និង មន្ត្រីជំនាញសម្រាប់បម្រើដល់ការអភិវឌ្ឍកីឡាបាល់ទះ ក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះឆន្ទៈដល់ ពលរដ្ឋកម្ពុជាឱ្យចូលរួម ចូលចិត្តលេង គាំទ្រ និងស្រឡាញ់កីឡាបាល់ទះ។
ស្របពេលដែលប្រទេសជាតិយើងកំពុងតែទទួលបានការអភិវឌ្ឍ និងស្ថិរភាពនយោបាយ សហព័ន្ធ កីឡាបាល់ទះ បានខិតខំបំផុស និងធ្វើសកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សសម្រាប់ប្រទេសជាតិ និងពង្រីកសកម្មភាពកីឡាបាល់ទះទូទៅ និងបាល់ទះឆ្នេរខ្សាច់នេះឱ្យកាន់តែ ផុសផុលនៅទូទាំងប្រទេស។ សហព័ន្ធបានប្តេជ្ញាចិត្តថា ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យទទួលបាន សិទ្ធិផលខ្ពស់នៅក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ហើយសហព័ន្ធសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍទាំងអស់ ជាពិសេសក្រុមហ៊ុននានា ចូលរួមឧបត្ថម្ភគាំទ្រកាន់តែខ្លាំងក្លាដល់សកម្មភាពកីឡាបាល់ទះ នៅព្រះរាជាណាចក្រកកម្ពុជាយើង។
ចំណែកលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជំរុញដល់ការបណ្តុះបណ្តាល កីឡាករ កីឡាការិនី ការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគាំទ្រឲ្យមានការរៀបចំការប្រកួតកីឡា គ្រប់ប្រភេទដើម្បី ផ្តល់ឱកាសឲ្យកីឡាករ កីឡាករិនីបញ្ចេញសមត្ថភាពដកស្រង់បេច្ចេកទេស បង្ហាញទេពកោសល្យរបស់ខ្លួន និង កសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែបានបង្កលទ្ធភាពគ្រប់បែបយ៉ាង ដល់គ្រប់ក្រុមមុខសញ្ញាក្នុង ការរៀបចំការប្រកួតកីឡានានា នៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក៏ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលជាប្រភពធនធានថវិកា ដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។
លោកបានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ព្រមទាំង សហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និងអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលបាន ខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិ នៅព្រះរាជាណាចក្រ កម្ពុជានាពេលនេះ។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រ និងលើក ទឹកចិត្តឲ្យបន្តរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ ដើម្បីផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យកីឡាបាល់ទះ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ ដោយ ៖ កូឡាប