ខេត្តតាកែវ ៖ ជនរងគ្រោះម្នាក់ បានស្លាប់បាត់បង់ជីវិតពេលកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែក២ នាក់ ទៀតរងរបួសធ្ងន់និងស្រាលក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នា ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី នៅលើផ្លូវខេត្តលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ០៤-០៥ ស្ថិតក្នុងភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ រវាងម៉ូតូនិងម៉ូតូដែលបើកបរក្នុងទិសដៅស្របទិសគ្នា។ ប៉ូលីសស្រុកត្រាំកក់បានប្រាប់ថា ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR 6475 បើកបរដោយឈ្មោះ ណុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប្រ៉ាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត រងរបួសធ្ងន់ និងមានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ រិន រាជ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល ។
ប៉ូលិសបន្តថា ម៉ូតូជនរងគ្រោះខាងលើបើកបរមកពីទិសខាងជើង លុះមកដល់ចំណុចខាងលើបានបុកម៉ូតូមួយគ្រឿង ដែលបត់ឆ្វេងឆ្លងផ្លូវម៉ាហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1J 3261 ដែលបើកបរដោយឈ្មោះ អ៊ុយ យេម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្លែងកោង ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ) ដែលបើកបរមកពីទិសខាងជើងដូចគ្នា ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពញ៉ែងញ៉ងចំណែកវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញ៉ែងញ៉ងដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៅពេលក្រោយ ៕ ដោយ ៖ តាកែវ