កណ្តាល ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះបទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន ៣៥៨លើ២៩៦ករណី កើន៦២ករណី បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ក្នុងនោះបទឧក្រិដ្ឋមានចំនួន៤៧លើ៤៩ករណី។
លោកស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា បទឧក្រិដ្ឋមានចំនួន៤៧លើ៤៩ករណី រួមមាន៖ លួចមានស្ថានទម្ងន់១៣ករណី ឃាតកម្ម១០ករណី រំលោភសម្លាប់១ករណី រំលោភសេពសន្ថវៈ២៣ករណី ។ ដោយឡែកបទមជ្ឈឹមបានកើតមានឡើងចំនួន៣១១ករណី បណ្តាលឲ្យស្លាប់មនុស្សចំនួន១៧នាក់ និងរបួស១៥៣នាក់ ។ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីប្រតិបត្តិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានយកអស់កម្លាំងកាយចិត្ត អនុវត្តតាមសមត្ថកិច្ចជំនាញ ជាលទ្ធផលបង្ក្រាបបានរួមមាន៣២៦ករណី ចាប់ខ្លួនជនសង្ស័យ៤០៥នាក់ ចាប់យកវត្ថុតាងរួមមាន៖ អាវុធខ្លី១ដើម ម៉ូតូ២៦គ្រឿង ទូរស័ព្ទ១គ្រឿង ដាវ២ដើម និងកាំបិតប៉័ងតោចំនួន១ដើមផងដែរ ។ ចំពោះបទល្មើសគ្រឿងញៀនវិញ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បង្ក្រាបបានចំនួណ៤៩៤ករណី ឃាត់ខ្លួនជនសង្ស័យ៨៣៤នាក់ ចាប់យកវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន៣ដុំធំ ១ដុំមធ្យម ២.០១២កញ្ចប់តូច ថ្នាំញៀនប្រភេទWYចំនួន១៤គ្រាប់ MDMA៩គ្រាប់ និងមធ្យោបាយពាក់ព័ន្ធក្នុងបទល្មើសជាច្រើនទៀត ។ដោយឡែកបទល្មើសគ្រោះថ្នាក់ចរាចរណ៍ បានកើតមានឡើងចំនួន២៤៣លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៥៤នាក់ និងរបួសចំនួន៣៥៨នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះកើតមានឡើងដោយសារ ការបើកបរមិនយោគយល់គ្នា ផ្ទុកលើសចំណុះ/ទម្ងន់ យានយន្តមិនត្រឹមត្រូវតាមនិយាមបច្ចេកទេស និងការបើកបរក្នុងស្ថានភាពស្រវឹង។ល។
នៅថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧។
លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានធ្វើការកោតសរសើរដល់ការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តច្បាប់ ធ្វើឲ្យការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ទទួលបាននូវផលវិជ្ជមាន នៃវិជ្ជាជីវៈនគរបាលក្នុងឆ្នាំ២០១៧នេះ ។ លោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្ត្រីជំនាញត្រូវខិតខំប្រឹងប្រែង អនុវត្តគោលការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលកាន់តែប្រសើឡើងថែមទៀត ៕ ដោយ ៖ កូឡាប