ខេត្តតាកែវ ៖ បុរសម្នាក់ភ័យឡើងព្រលឹងចុងសក់ ខណៈដែលខ្លួនទៅផឹកស្រាក្នុងហាងស្រវឹងហើយហៅស្រីស្នេហ៍មកដេកក្នុងបន្ទប់ជួលកំដរអារម្ភណ៍ តែមានអី ដូចហៅមកឲ្យលួចម៉ូតូខ្លួន ពិសេស ថែមទាំងចាក់សោរបន្ទប់ពីខាងក្រៅរកតែខ្លួនរត់ទៅប្តឹងប៉ូលិសសឹងមិនទាន់។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣ទៀបភ្លឺ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិប្រហូត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ជនសង្ស័យត្រូវបានជនរងគ្រោះប្រាប់ថា ឈ្មោះ សូត្រ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរជាអ្នករត់តុក្នុងហាង រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកប៉ូលីសនៃអធិការនគរបាលក្រុងដូនកែវបានឲ្យដឹងថា ស្ត្រីដែលលជាជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូឌ្រីមសង់សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1R 1378 ជារបស់ឈ្មោះ ចៅ សីហា ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរជាជាងសំណង់ និងមានបន្ទប់ជួលស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ប៉ូលីសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅផឹកស្រានៅហាងមួយកន្លែង ដោយសង្ស័យផឹកស្រវឹង ម្ចាស់ម៉ូតូក៏ឌុបជនសង្ស័យមកដេកនៅក្នុងបន្ទប់ជួលរបស់ខ្លួន។
ដោយឃើញម្ចាស់ម៉ូតូស្រវឹងស្រាដេកមិនដឹងខ្លួនជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូមកទុកក្នុងបន្ទប់របស់ខ្លួននិងបានចាក់សោរពីខាងក្រៅទុកម្ចាស់ម៉ូតូនៅក្នុងបន្ទប់មិនឲ្យចេញមកក្រៅថែមទៀត។ លុះដល់វេលាម៉ោង៣ទៀបភ្លឺ ទើបជនរងគ្រោះភ្ញាក់ដឹងខ្លួននិងបាត់ម៉ូតូក៏ផ្អើលឆោរឡោតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងដូនកែវចាប់ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ចំណែកម៉ូតូបានប្រគាល់ជូនម្ចាស់ដើមវិញហើយ៕ ដោយ ៖ តាកែវ