ភ្នំពេញ ៖ ក្រុមហ៊ុនមេឌាអាក់សិន ( media action ) ដែលទទួលបានសិទ្ធិផ្តាច់មុខពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការដំឡើងប៉ាណូ និងផ្ទាំងរូបភាពលម្អក្នុងខេត្ត នាពិធីបុណ្យបុណ្យទន្លេ បានធ្វើឲ្យខុសបច្ចេកទេស នាម៉ោង៧ព្រឹក បណ្តាលឲ្យបាក់ខ្លោងទ្វារធំ សម្រាប់អបអរសាទរបុណ្យទន្លេ ខេត្តកំពង់ឆ្នាំង នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ផ្សារលើ ក្រុងកំពង់ឆ្នាំង ។
ដោយសារតែក្រុមបច្ចេកទេស ដំឡើងខ្លោងទ្វា ឡើងទៅខាងលើច្រើនគ្នា ធ្វើឲ្យជើងទម្រទុបមិនបាន បណ្តាលឲ្យធ្លាក់បាក់ចុះក្រោម បណ្តាលឲ្យមនុស្ស៤នាក់ ដែលជាអ្នកដំឡើង រងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះគណៈកម្មាធិការបុណ្យទន្លេខេត្តកំពង់ឆ្នាំងទាំង17 កំពុងមមាញឹកក្នុងការរៀបចំធ្វើការងាររៀងខ្លួនដើ ម្បីឆ្ពោះទៅគោលដៅ នៃការធ្វើបុណ្យទន្លេនៅក្នុងថ្ងៃទី15 ដល់ថ្ងៃទី17 ខែកុម្ភៈឆ្នាំ 2016 ខាងមុខនេះ។
ដោយឡែកក្នុងពេលនេះ គណៈកម្មាធិការបុណ្យទន្លេយើង កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមសុទ្ធក្រុមហ៊ុនមេឌាអាក់សិន( media action ) កំពុងតម្លើងគ្រោងឆ្នាំងដែលជានិមិត្តសញ្ញារបស់ខេត្តកំពង់ឆ្នាំងចំនួន 24 កន្លែង រៀបចំតុបតែងលម្អភ្លើងអគ្គិសនីចម្រុះពណ៌ និងកំពុងធ្វើប៉ាណូតូចធំចំនួន 75 ដាក់តាំងនៅតាមដងផ្លូវជាតិលេខ5 នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីបិទរូបភាពការអភិវឌ្ឍន៍នានា សម្រាប់អបអរការធ្វើបុណ្យទន្លេ នៅក្នុងខេត្តកំពង់ឆ្នាំង។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង សូមជួយរៀបចំប្រព័ន្ធភ្លើងអគ្គិសនីតុបតែងលម្អ នៅតាមគេហដ្ឋាន និងនៅតាមមន្ទីរអង្គភាពរបស់ខ្លួន ឱ្យបានស្អាតល្អ ដើម្បីរួមគ្នាធ្វើឲ្យទីក្រុងនៃខេត្តកំពង់ឆ្នាំង មានសោភ័ណភាពល្អ ដើម្បីសហការគ្នាធ្វើបុណ្យទន្លេលើកទី 5 នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យទទួលបានជោគជ័យ។
ទន្ទឹមគ្នានេះដែរ ក្នុងនាមអាជ្ញាធរខេត្ត សុំអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 5 ទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ ព្រោះថាការរៀបចំបុណ្យទន្លេ នៅក្នុងខេត្តកំពង់ឆ្នាំង និងការដាក់តាំងប៉ាណូ និងរូបនិមិត្តសញ្ញា នៃខេត្តកំពង់ឆ្នាំង អាចនឹងធ្វើឱ្យមានការប៉ះពាល់ ស្ទះចរាចរណ៍ខ្លះមិនខានឡើយ ។
ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរយោគយល់ អធ្យាស្រ័យ និងសូមរួមគ្នាគោរពច្បាប់ចរាចរណ៍ គោរពល្បឿនកំណត់ នៅក្នុងទីក្រុង ក្នុងទីប្រជុំជន ទើបអាចទប់ស្កាត់ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរ៕ ដោយ ៖ កូឡាប