ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ច និងតុលាការបន្តនីតិវិធី ស្រាវជ្រាវរកប្រភព នៃការនាំចូលគ្រឿងញៀន និងតាមចាប់ក្រុមជនល្មើស មកផ្ដន្ទាទោសទៅតាមច្បាប់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាល រាជធានីភ្នំពេញ ដែល ដែលសារព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ។
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផល នៃប្រតិបត្តិការបង្រ្កាប បទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានន័យទាំងស្រុងថា នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួល ពីតំណាងអយ្យការ អមសាលាដំបូងរាជធានី ភ្នំពេញ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំង ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការ កងកម្លាំងនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានឆែកឆេរបង្ក្រាប ក្នុងមជ្ឈមណ្ឌលកម្សាន្តនេះ និងបានចាប់យកវត្ថុតាង ជាគ្រឿងញៀនមួយចំនួន ព្រមទាំងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៣១១នាក់ (ស្រី៥៦នាក់)។
ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ហើយផ្ដល់លទ្ធភាព ជូនអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធី ស្រាវជ្រាវឈាន ទៅកំណត់ប្រភព នៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើស យកទៅផ្ដន្ទាទោស តាមច្បាប់ជាធរមាន។ អាស្រ័យ ដូចបានជម្រាបខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កងកម្លាំងប៉ូលីសជាច្រើននាក់ បានឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកម្សាន្ត Rock ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់ មនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទជាង៥០គីឡូក្រាម។ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាអ្នកដឹកនាំកម្លាំងជំនាញចម្រុះផ្ទាល់ ក្នុងការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងនិងអ្នកចែកចាយ៣១១នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀន ជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក៩,២គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី១ដើម។
បើតាមផេកហ្វេសប៊ុក William Guang បានសរសេរថា ក្នុងនាមខ្ញុំ ជាសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់
យោបល់ ខ្ញុំនិងរង់ចាំតាមដាន ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរពាក់ព័ន្ធ ចំពោះករណីនេះ ថាតើ ច្បាប់នឹងចាត់វិធានការ បែបណា ចំពោះលោក ឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌល Rock ជាតំបន់សំបុកគ្រឿងញៀន យ៉ាងធំ ដែលសមត្ថកិច្ចទើបបង្ក្រាបបាន ជាក់ស្ដែង ចាប់បានជនពាក់ព័ន្ធ ជាង៣០០នាក់ និងរឹបអូសគ្រឿងញៀន រាប់សិបគីឡូ ។
គូសបញ្ជាក់ថា ឧកញ៉ារូបនេះ ធ្លាប់បានធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ថា មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយគ្រឿងញៀន ក្នុងកន្លែងអាជីវកម្ម របស់ខ្លួនឡើយ ប្រសិនជាមានឧកញ៉ារូបនេះ សុខចិត្តឲ្យបិទអាជីវកម្មរបស់ខ្លួន និង “ទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងៗទៀតផងដែរ”៕ ដោយ៖ កូឡាប