រតនគិរី ៖ តាមការផ្តល់ព័ត៌មានរបស់លោក វរសេនីយ៍ឯក ហួត បូរី អធិការនគរបាលក្រុងបានលុង បញ្ជាក់ថា កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលបានបង្ក្រាបសង្វៀនប្រជល់មាន់ ដែលមានទីតាំងនៅក្រុងបានលុង ខេត្តរតនគិរី។
លោកក៏បានរាយការណ៍ ឲ្យដឹងដែរថា ក្រោយពីលោកទទួលបាន បទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការក្រុង បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចុះបង្ក្រាបកន្លែងប្រជល់មាន់តាមចំការស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅចំណុចភ្នំយោល ក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
ពេលកម្លាំងចុះទៅដល់គោលដៅក្រុមនោះបាន រត់បាត់អស់បន្សល់ទុក នៅសម្ភារៈមួយចំនួនដូចជា៖(កៅអីជ័រ១០, ទ្រុងក្រុងមាន់១២, សង្វៀនប្រជល់មាន់១, តង់៣, និងពីដុងដាក់ទឹកចំនួន១) លោកក៏បានអោយដឹងថា សង្វៀននោះត្រូវបានរុះរើ ចំពោះសម្ភារ:វត្ថុតាងបានប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង ៕ ដោយ ៖ កូឡាប