Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ទទួលស្គាល់ វិស័យ​កសិកម្ម កំពុង​ជួបប្រទះ​នូវ​បញ្ហា​មួយចំនួន ដែល​ទាមទារ​ឲ្យខិត​ខំ​ប្រឹងប្រែង​ដោះស្រាយ

ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ទទួលស្គាល់ថា វិស័យ​កសិកម្ម កំពុង​ជួបប្រទះ​ដូចជា ផលិតភាព​នៅ​មាន​កម្រិត​ទាប ទាំង​បរិមាណ និង​គុណភាព ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិផល មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ យន្តការ​សម្រួល​ការនាំ​ចេញ នៅ​មិនទាន់​មាន​ភាព​ប្រទាក់​ក្រឡា ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ ទៅ​ដល់​កសិករ និង​សហគមន៍ ដែល​នៅ​ឆ្ងាយ​នៅមានកម្រិត កង្វះ​យន្តការ​ផ្សារភ្ជាប់ ទីផ្សារ​ជាមួយនឹង​ផែន​ការដាំដុះ និង​ប្រមូល​ផល ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ នៅ​មិនទាន់​រឹងមាំ កង្វះ​យន្តការ​ផ្តល់​ព័ត៌មាន​ទី​ផ្សារ កង្វះ​ផែន​ការដាំដុះ ការកំណត់​តំបន់​ដាំ​ដុះ​ឱ្យ​ត្រូវ​តាម​សក្តានុពល​ដី កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​អគ្គិសនី ប្រព័ន្ធ​ស្រោចស្រព នៅ​ពុំទាន់​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ ការដាំដុះ​នៅ​មាន​ការ​ពឹងពាក់​លើទឹក​ភ្លៀង​។​ល​។ ជាមួយ​បញ្ហា​ទាំងអស់នេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រសួង​បាននិងកំពុង ខិតខំ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងអស់នេះ ជា​បន្តបន្ទាប់​។

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ថ្ងៃ​អង្គារ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​រៀបចំ​វេទិកា​សាធារណៈ ដ៏​សំខាន់​មួយ​ស្តីពី​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី វេង សាខុន​។ វេទិកា​នាពេលនេះ មាន​គោលបំណង​ដើម្បី​បង្កើត​ឱកាស​ឲ្យ​សមាជិក សមាជិកា​បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ជាមួយគ្នា ដើម្បី​ពិភាក្សា ផ្លាស់ប្តូរ ឬ​ចែករំលែក​បទពិសោធន៍ ត្រួតពិនិត្យ តាមដាន​អំពី​វឌ្ឍនភាព កាលានុវត្តភាព បញ្ហា​ប្រឈម​នានា ដែល​បាននិងកំពុង​ជួបប្រទះ ក្នុង​ការអនុវត្ត​ការងារ​វិស័យ​កសិកម្ម​កន្លងមក និង​នៅ​ចុងបញ្ចប់ នៃ​វេទិកា​សមាជិក​អាច​យក​បទពិសោធន៍​ល្អ យន្តការ​នៃ​ការដោះស្រាយ​បញ្ហា​ជា​ប្រព័ន្ធ ជា​របៀប តាម​លក្ខណៈ​បច្ចេកទេស និង​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ ច្បាស់លាស់​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី​ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងថា វេទិកា​នេះ បាន​ចែករំលែក​មេរៀន​ល្អៗ សម្រាប់​ជា​ទុន​ទាំង​ផ្នែក​ទ្រឹស្តី និង​បទពិសោធន៍ អនុវត្ត​ជាក់ស្តែង ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​។ ម្យ៉ាងវិញទៀត លទ្ធផល​ក៏​ដូចជា វិធានការ​ដែល​ទទួល​បាន​នាពេលនេះ គឺជា​យន្តការ​តាមដាន ត្រួតពិនិត្យ​និង​គាំទ្រ ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ហើយក៏​ជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រើប្រាស់ ជា​ចលករ​រុញឲ្យ​វិស័យ​កសិកម្ម វិវឌ្ឍន៍​រីកចម្រើន​ថែម​ទៀត ឆ្លើយតប​តាម​កំណើនសេដ្ឋកិច្ច កំណើន​ប្រជាជន និង​ទេ​សចា​រណ៍​ក្នុងស្រុក ជា​ពិសេស​ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ ២០៣០​។ លោក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ជូន​អង្គ​វេទិកា​ជ្រាបថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព ព្រោះ​វិស័យ​នេះ បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ធានា​សមធម៌ ធានា​សន្តិសុខ​ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ពិសេស​ផ្ដល់​នូវ​ប្រភព​ស្បៀងអាហារ សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​គ្រប់រូប ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ចម្បង សម្រាប់​ការអភិវឌ្ឍ​ផ្នែក​ក​សិ​-​ឧស្សាហកម្ម និង​ជា​ប្រភព​ចំណូល​ជាតិ​ដ៏​សំខាន់ ដែល​ទទួលបាន​ពី​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម​កសិកម្ម និង​ការនាំចេញ​ផលិតផល​កសិកម្ម ចូលទៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្ដរជាតិ​។

ក្នុងនោះ​មាន​អនុវិស័យ​សំខាន់ៗ​មួយចំនួន ដែល​លោក​រដ្ឋមន្ត្រី បាន​រំលេច​ឲ្យ​អង្គ​វេទិកា​ចាប់អារម្មណ៍​គឺ​ទី​១- អនុវិស័យ​ផលិតកម្ម​កសិកម្ម (​ដំណាំ​ស្រូវ ដំណាំ​ក​សិ​-​ឧស្សាហកម្ម បន្លែ និង​ឈើ​ហូប​ផ្លែ​។​ល​។​) ទី​២- អនុវិស័យ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ ទី​៣- អនុវិស័យ​ជលផល ទី​៤- អនុវិស័យ​ព្រៃឈើ និង​ទី​៥- អនុវិស័យ​កៅស៊ូ​។​

​ជា​ការពិត អនុវិស័យ​ទាំងអស់នេះ​បាននិងកំពុង ធ្វើការ​វិវឌ្ឍន៍​រីកចម្រើន ជា​បន្តបន្ទាប់ ពី​ប្រទេស​ផលិត​ស្បៀង សម្រាប់​ផ្គត់ផ្គង់​ឲ្យ​សេចក្តី ត្រូវការ​ក្នុងស្រុក ទៅ​ជា​ប្រទេស​ផលិត​ស្បៀង សម្រាប់​ធ្វើ​ការនាំចេញ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ផលិត​ស្រូវ​បាន ១០,៨​លាន​តោន ហើយ​បាន​ធ្វើ​ការនាំចេញ​អង្ករ ៦២៦​ពាន់​តោន ចេកអំបូង​លឿង​ជាង ១​ម៉ឺន​តោន ស្វាយ​កែ​រមៀត​ប្រមាណ​ជាង ១​ម៉ឺន​តោន ហើយ​ថ្មីៗ​នេះ​កម្ពុជា បាន​នាំ​ចេញ​បន្លែ​ស្រស់ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប បាន​ជាង ៣៣​តោន ដែល​នេះ​ជា​មោទនភាព នៃ​ការ​សម្រេច​បាន នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​របស់​ក្រសួង ក្នុង​ការជំរុញ​កំណើន​ផលិតកម្ម កសិកម្ម​ក្នុង​ស្រុក ជំរុញ​ការនាំចេញ លើកកម្ពស់​សក្តានុពល ក្នុង​ការប្រកួតប្រជែង ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ដោយឡែក ការអនុវត្ត​ផលិតកម្ម​កសិកម្ម ត្រូវបាន​ផ្លាស់ប្តូរ ពី​ការប្រើ​សត្វពាហនៈ មក​ការប្រើ​គ្រឿងយន្ត​កសិកម្ម​វិញ ការប្រើ​ប្រព័ន្ធ​ដំណក់​ទឹក និង​ផ្ទះ​សំណាញ់ ក្នុង​ផលិតកម្ម​បន្លែ ហើយ​ប្រជាកសិករ បាន​ក្លាយជា​កសិពាណិជ្ជករ សហគមន៍​កសិកម្ម កំពុង​ក្លាយជា​កម្លាំងចលករ​មួយ យ៉ាងសំខាន់​ក្នុង​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន នៅក្នុង​សេដ្ឋកិច្ច​សង្គម​ជនបទ​កម្ពុជា មាន​ស្ថាប័នរដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល បាន​និង​កំពុង​ផ្ដល់​សេវាកម្ម​បច្ចេកទេស​ថ្មីៗ និង​ជំនាញ​ទីផ្សារ ដល់​អ្នក​ផលិត​យ៉ាងសកម្ម រីឯ​វិធានការ​ពង្រីក និង​ទំនើបកម្ម​សហគ្រាស​កសិកម្ម​ធុ​នតូច និង​មធ្យម​ក៏​ត្រូវបាន​លើកកម្ពស់ ក្រុមហ៊ុន​ឯកជន​បាន​ខិតខំ​កែច្នៃ​កសិផល​។ ក្រសួង បាន​និង​កំពុង​បន្ត​ផ្សព្វផ្សាយ ពូជ​ដំណាំ​មាន​ផលិតភាព​ខ្ពស់ ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ព្រមទាំង​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ការអនុវត្ត​កសិកម្ម​ល្អ (GAP) ការអនុវត្ត​ចិញ្ចឹមសត្វ​ល្អ ការ​បង្កាត់​ពូជ​សិប្បនិម្មិត ការអនុវត្ត​វារីវប្បកម្ម​ល្អ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ដែល​ជា​ធាតុ​ចូល​ប្រកប​ដោយ សក្ដានុពល​សម្រាប់ លើកកម្ពស់​ការនាំចេញ​។​

​ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី ក៏​បាន​លើកយក​បញ្ហា ដែល​វិស័យ​នេះ កំពុង​ជួបប្រទះ​ដូចជា​៖ ផលិតភាព​នៅ​មាន​កម្រិត​ទាប​ទាំង​បរិមាណ និង​គុណភាព ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​កសិផល មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ យន្តការ​សម្រួល​ការនាំ​ចេញ នៅ​មិនទាន់​មាន​ភាព​ប្រទាក់​ក្រឡា ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ ទៅ​ដល់​កសិករ និង​សហគមន៍ ដែល​នៅ​ឆ្ងាយ​នៅមានកម្រិត កង្វះ​យន្តការ​ផ្សារភ្ជាប់ ទីផ្សារ​ជាមួយនឹង​ផែន​ការដាំដុះ និង​ប្រមូល​ផល ប្រព័ន្ធ​អនាម័យ និង​ភូតគាម​អនាម័យ នៅ​មិនទាន់​រឹងមាំ កង្វះ​យន្តការ​ផ្តល់​ព័ត៌មាន​ទី​ផ្សារ កង្វះ​ផែន​ការដាំដុះ ការកំណត់​តំបន់​ដាំ​ដុះ​ឱ្យ​ត្រូវ​តាម​សក្តានុពល​ដី កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​អគ្គិសនី ប្រព័ន្ធ​ស្រោចស្រព នៅ​ពុំទាន់​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ ការដាំដុះ​នៅ​មាន​ការ​ពឹងពាក់​លើទឹក​ភ្លៀង​។​ល​។

​ភ្ជាប់​ជាមួយ​បញ្ហា​ទាំងអស់​នេះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រសួង​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងអស់នេះ ជា​បន្តបន្ទាប់ ជំហានៗ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សហគមន៍ វិស័យ​ឯកជន ហើយ​លោក​ស្នើសុំ​ភាគី គ្រប់​ពាក់ព័ន្ធ​បន្ត​សហការ ឲ្យបាន​ពេញលេញ ចូលរួម​រិះរក​វិធានការ ឬ​មធ្យោបាយ គ្រប់បែប​យ៉ាង​ដើម្បី​ជំរុញ ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យមាន​ការរីកចម្រើន​ឡើងថែ​មទៀត​។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​មាន​អត្ថន័យ​នេះ សមាជិក សមាជិកា​បាន​ចែ​ល​រំលែក​បទពិសោធន៍ ចោទសួរ ផ្តល់​ចម្លើយ និង​សំណូមពរ​យ៉ាង​ក្បោះក្បាយ ទាក់ទង​នឹង​ប្រធានបទ​ទី​១- ការនាំ​ចូល​គ្រឿងបន្លាស់​គ្រឿងយន្ត​កសិកម្ម​ជាប់ពន្ធ ទី​២- បញ្ហា​រោង​សម្ងួ​តគ្រាប់​ធញ្ញជាតិ និង​បញ្ហា​តម្លៃ​អគ្គីសនី ទី​៣- ការគ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍ ទី​៤- បញ្ហា​បែបបទ​នីតិវិធី​រដ្ឋបាល និង​នីតិវិធី​ច្បាប់​ក្នុង​ការនាំចេញ ផលិតផល​កសិកម្ម ជាពិសេស​ការចេញ​វិញ្ញាប័ណ្ណបត្រ​អនាម័យ និង​ភូតគាម​អនាម័យ (SPS) ទី​៥- វិធានការ​ការពារ​គុណភាព​ដី ទី​៦- ច្បាប់​ស្តីពី​ព្រៃឈើ ការធ្វើ​អាជីវកម្ម និង​ការដាំ​ឈើ​ឧស្សាហកម្ម ទី​៧- វិស័យ​ផលិតកម្ម​សត្វ សុខភាព​សត្វ ពិសេស​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វិ​ច ទី​៨- វិស័យ​ជន​ផល វារីវប្បកម្ម បទល្មើស​នេសាទ និង​វិធានការ​៕​ ​ដោយ​ ៖​ កូឡាប​