ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ចាប់យករថយន្តចំនួន ១៤គ្រឿង ដែលបើកបរដោយជនជាតិចិនគ្មានបណ្ណ័បើកបរ ដោយយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
សកម្មភាពខាងលើនេះ បានធ្វើឡើងក្នុងពេលកម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅម៉ោង១១យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមផ្លូវឯករាជ្យ ចំណុចជិតវិមាន្យឯករាជ្យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ការដាក់ប៉ុស្ត៍ របស់សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ គឺបានផ្តោតជាសំខាន់ ទៅលើការត្រួតពិនិត្យជាតិស្រវឹង ចំពោះអ្នកបើកបររថយន្ត និងត្រួតពិនិត្យអ្នកបើកបររថយន្ត ដែលគ្មានប័ណ្ណបើកបរជាដើម។
យ៉ាងនេះក្តី ចំពោះការត្រួតពិនិត្យជាតិស្រវឹង ទៅលើអ្នកបើកបររថយន្តចំនួន ៣២នាក់ ជាលទ្ធផលគឺទទួលផលអវិជ្ជមាន។ ប៉ុន្តែសមត្ថកិច្ចនគរបាល បានរកឃើញអ្នកបើកបររថយន្តជនជាតិចិន ដែលគ្មានប័ណ្ណបើកបរចំនួន ១៤នាក់ ហើយបានឃាត់រថយន្តចំនួន ១៤គ្រឿងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយទៀត៕ ដោយ៖ ដែន សីមា