ភ្នំពេញ ៖ សន្និសីទបិទគម្រោងស្តីពី៖ “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងសម្ពោធមជ្ឈមណ្ឌលការងារចល័ត” ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ពីឆ្នាំ២០១៣ ដល់ ២០១៩ និងទទួលអនុវត្តរួមគ្នាដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) ត្រូវបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាពលោកមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី លោកស្រីវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិ នៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិតអង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីពសហព័ន្ធ និងដៃគូអភិវឌ្ឍនានា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីបិទគម្រោងស្តីពី៖ ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត” លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារជាពិសេសយុវជនឲ្យទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។”
តាមរយៈការអនុវត្តគម្រោងនេះ អ្នកទទួលផលផ្ទាល់ ដែលភាគច្រើនជាយុវជន សិស្សនិស្សិត ស្ត្រី និងជនពិការ បានទទួលការបណ្តុះបណ្តាលអភិវឌ្ឍជំនាញ និងទទួលបានឱកាសការងារកាន់តែងាយស្រួលមានជាអាទិ៍៖ ការបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពចំនួន៣៤៥០នាក់, អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រមាណ៩ម៉ឺននាក់, អ្នកទទួលបានការងារធ្វើប្រមាណ២ម៉ឺននាក់, សិស្សនិស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពចំនួនប្រមាណ១៤ម៉ឺននាក់, យុវជនទទួលបានកម្មសិក្សាចំនួន៧៤៩នាក់។
ស្របពេលជាមួយគ្នានឹងការរៀបចំសន្និសីទបិទគម្រោងនេះ ក៏មានសមិទ្ធិផលមួយទៀត របស់គម្រោងគឺពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវរថយន្ត “មជ្ឈមណ្ឌលការងារចល័ត” ដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេវាសំខាន់ៗ ដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា៖ ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណិតនិងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងបណ្ណាល័យការងារជាដើម។ ប៉ុន្តែចំណុចពិសេសរបស់មជ្ឈមណ្ឌល ការងារចល័តគឺអាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារកាន់តែខិតជិត ដល់ប្រជាពលរដ្ឋអ្នកស្វែងរកការងារសិស្សនិស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេសជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “មជ្ឈមណ្ឌលការងារចល័ត” នេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានស្នើដល់ភាគី ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរកការងារទៅនឹងឱកាសការងារដែលនៅទំនេរ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្ម, ការផ្តល់មគ្គទេសក៍ និងប្រឹក្សាយោបល់អាជីព ព្រមទាំងការផ្តល់ព័ត៌មានទីផ្សារការងារ និងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារ និង ជំរុញការទទួលបានព័ត៌មានពីការងារទូលំទូលាយដល់សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។ ជាចុងក្រោយ លោកបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់នូវគម្រោងដ៏ថ្លៃថ្លាខាងលើដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់ប្អូនៗ សិស្ស/និស្សិត និងយុវជនអ្នកស្វែងរកការងារធ្វើទាំងអស់ចូលរួមប្រើប្រាស់នូវសេវាទាំងអស់ដែលផ្តល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាពិសេសមជ្ឈមណ្ឌលការងារចល័តថ្មីនេះឲ្យបានគ្រប់ៗគ្នា។
លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែត បានថ្លែងថា កាលពី១០ឆ្នាំមុន កម្ពុជាមិនទាន់មានព័ត៌មានទីផ្សាការងារទូលំទូលាយនៅឡើយទេ តែបច្ចុប្បន្នតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងគម្រោងរបស់ទីភ្នាក់ SIDA ស៊ុយអែត បានផ្តល់ឱ្យកម្ពុជាមានព័ត៌មានទីផ្សាការងារយ៉ាងទូលំទូលាយដល់ពលរដ្ឋកម្ពុជា ហើយរដ្ឋាភិបាលស៊ុយអែតសូមកោតសរសើរ និងអបអរសាទរដល់ NEA ដែលបានសម្រេចបានយ៉ាងជោគជ័យនូវគម្រោងជាច្រើន ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) នាពេលកន្លងមក៕ ដោយ ៖ កូឡាប