ភ្នំពេញ ៖ លោកឃួង ស្រេងអភិបាល អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០១៩ នេះ បានធ្វើការកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗចេញ ចូលក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទគឺចាប់ពីថ្ងៃនេះ ទៅគឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នពេញនៅពេលថ្ងៃជាដាច់ខាតចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។
ដោយឡែកសម្រាប់រថយន្តក្រឡុកស៊ីម៉ងត៍ ដែលត្រូវបំពេញការងាររបស់ខ្លួន ស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតឱ្យចេញចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបាន ដោយកំណត់ពេលវេលាច្បាស់លាស់។ លោកឃួង ស្រេង បានធ្វើការណែនាំថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះគឺនៅម៉ោង១១ព្រឹកម៉ោង ២រសៀលនិងម៉ោង ៥ល្ងាចត្រូវផ្អាក់ការធ្វើចរាចរណ៍។
លោកឃួង ស្រេង បានពន្យល់ផងដែរថា ពាក់ព័ន្ធនឹងរថយន្តក្រឡុកស៊ីម៉ងត៍ មិនអោយចូលក្នុងរាជធានីនៅពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់សាងសង់សំណង់ក្តុងក្តាំងរំខានដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោសអាជ្ញាធររាជធានីភ្នំពេញនិងក្រុមហ៊ុនសំណង់ក្រឡុកស៊ីម៉ងត៍ជាក់ជាមិនខានឡើយ។ ដូច្នេះទេ យើងដាច់ខាតត្រូវតែមានជម្រើសមួយអោយបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលានិងម៉ោងច្បាស់លាស់ដើម្បីឲ្យរថយន្តក្រឡុកស៊ីម៉ងត៍អាចចេញ ចូលតាមពីម៉ោងកំណត់ដូចខាងលើនេះហើយ ។
លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានជំរុញ ក៏ដូចជាណែនាំឲ្យ ម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ទាំងអស់ត្រូវតាមដាន និងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ទាំងអស់ ចៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នា ឲ្យរាជធានីភ្នំពេញរបស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទគឺមិនអនុញ្ញាតអោយចេញចូលរាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង ៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់គឺត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះគឺជាអ្នកទទួលខុសត្រូវចំពោះរដ្ឋរដ្ឋបាលរាជធានី។
គួរបញ្ជាក់បន្ថែមផងដែរថា ក្នុងកិច្ចប្រជុំនោះ ខាងក្រុមហ៊ុនឡុកស៊ីម៉ងត៍ទាំងអស់ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រនោះជុំ បានសម្រេច អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ៕ ដោយ ៖ កូឡាប