ខេត្តមណ្ឌលគិរី ៖ ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទសត្វព្រៃដែលរងគ្រោះជិតផុតពូជជាសាកលជាង៤១ប្រភេទ ដែលទទួលរងការគំរាមកំហែងទូទាំងសាកលលោក ហើយត្រូវបានរកឃើញនៅតំបន់នេះ។ ដើម្បីការពារសត្វព្រៃរងគ្រោះដែលជិតផុតពូជនោះ បំណងផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធអំពីគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា និងផ្ដល់ព័ត៌មានថ្មីៗអំពីស្ថានភាពបច្ចុប្បន្ន នៃការអនុវត្តសកម្មភាព នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នាថ្ងៃព្រហស្បតិ៍ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ ការអនុវត្តគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈឹម កាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមជំនួយគាំទ្រដោយគម្រោង USAID និងមានការអញ្ជើញចូលរួម ពីសំណាក់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រចេះ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងនាយកអង្គការសមាគមអភិរក្សសត្វព្រៃ WCS សរុបប្រមាណ៧០នាក់។
បើតាមការផ្សាយរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់អ្នកពាក់ព័ន្ធអំពីគម្រោង អភិរក្សដែនជម្រកសត្វព្រៃកែវសីមា និងផ្ដល់ព័ត៌មានថ្មីៗ អំពីស្ថានភាពបច្ចុប្បន្ន នៃការអនុវត្តសកម្មភាព នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធ និងសហគមន៍ សម្រាប់អនុវត្តសកម្មភាព នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ប្រកបដោយប្រសិទ្ធភាព។
គួររំលឹកជូនថា ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្ដប់លើផ្ទៃដីទំហំ ២៩២.៦៩០ហិកតា មានទីតាំងស្ថិតនៅ ភាគខាងកើតនៃប្រទេសកម្ពុជា ដែលស្ថិតក្នុងខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទសត្វព្រៃ ដែលរងគ្រោះជិតផុតពូជ ជាសាកលជាង៤១ប្រភេទ ដែលទទួលរងការគំរាមកំហែង ទូទាំងសាកលលោក ហើយត្រូវបានរកឃើញនៅតំបន់នេះ។ នៅចុងឆ្នាំ២០១៨នេះ គម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមា គាំទ្រដោយគម្រោង USAID ត្រូវបានអនុម័ត ហើយគម្រោងនេះ ត្រូវបានបង្កើតឡើង ដោយភាពជោគជ័យ ពីគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ USAID ដែលបានកាត់បន្ថយ ការបាត់បង់ព្រៃឈើ ការការពារសត្វព្រៃ ការលើកកម្ពស់ជីវភាព រស់នៅ របស់សហគមន៍ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដែនជម្រកសត្វព្រៃកែវសីមា មានព្រៃឈើពាក់កណ្តាលស្រោង ដែលជាជម្រកប្រភេទសត្វសំខាន់ៗ នៃពិភពលោកដូចជា សត្វដំរីអាស៊ី អម្បូរស្វា អម្បូរគោសាទិស អម្បូរមំសាសី និងបក្សីដូចជា ត្រយ៉ងយក្ស និងក្ងោក ។
ដែនជម្រកនេះដែរ មានប្រជាជនដើមភាគតិចព្នង និងប្រជាពលជន រស់នៅតាមព្រំប្រទល់ ប្រមាណ២៥០.០០០នាក់។
នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃអង្គការ WCS ដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់ជាទីជម្រកធម្មជាតិដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែង ឈានទៅរកការផុតពូជ។
សូមបញ្ជាក់ថា IUCN(International Union for Conservation of Nature) គឺជាអង្គការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃធំជាងគេបង្អស់ លើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ ដើម្បីជាយន្តការរួមរបស់ពិភពលោក ក្នុងការអភិរក្សធនធានជីវៈចម្រុះ និងការធានានូវការប្រើប្រាស់ដោយចីរភាព និងនិរន្តរភាព។ សត្វ ឬរុក្ខជាតិដែលត្រូវចាត់ក្នុងបញ្ជីក្រហមនៃអង្គការ IUCN គឺសុទ្ធសឹងតែជាប្រភេទរុក្ខជាតិ និងសត្វ ដែលជាប្រភេទកម្រនឹងមានក្នុងលោក ឬជាប្រភេទដែលឈានទៅរកការផុតពូជ ដែលទទួលបានការវាយតម្លៃជាសកលពីឋានៈរបស់វា។
សត្វទាំង៦០ប្រភេទនោះរួមមាន ស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀត។ ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថា ដែនជម្រក សត្វព្រៃនេះ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ គម្រោងទេសចរណ៍ ធម្មជាតិនាពេលអនាគត។
អង្គការWCS បានឱ្យដឹងថា ក្រៅពីសំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃកែវសីមា មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេសទឹកធ្លាក់ធម្មជាតិជាង១០កន្លែង។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រក សត្វព្រៃកែវសីមានៃអង្គការWCS បាននិយាយថា៖ “តាមរយៈបទ ពិសោធន៍ដែលខ្ញុំបានដើរក្នុងដែនជម្រកសត្វព្រៃកែវសីមាសម្រាប់រយៈ ពេលជាង១០ឆ្នាំកន្លងមកនេះ ខ្ញុំមើលឃើញថាដែនជម្រកសត្វព្រៃ កែវសីមា គឺជាដែនជម្រកសត្វព្រៃដ៏អស្ចារ្យមួយ និងពិតជាស្រស់ស្អាត ខ្លាំងណាស់។ ដែនជម្រកសត្វព្រៃនេះ មានសក្តានុពលខ្ពស់សម្រាប់ ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចផ្តល់ជាថវិកា គាំទ្រដល់ការងារអភិរក្ស និងការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ នាថ្ងៃអនាគត”។
ក្រសួងបរិស្ថាន និងអង្គការWCS រួមទាំងប្រជាសហគមន៍ បាននិងកំពុងធ្វើការរួមគ្នាដើម្បីថែរក្សា និងការពារដែនជម្រកសត្វព្រៃ កែវសីមានេះអស់រយៈពេលជិត២០ឆ្នាំកន្លងដោយអនុវត្តការងារច្បាប់ សកម្មភាពអប់រំ ផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វ និងរុក្ខជាតិ ការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គម្រោងចិញ្ចឹមជីវិត ប្រជាសហគមន៍ និងគម្រោងទេសចរណ៍ធម្មជាតិជាដើម ៕ ដោយ ៖ កូឡាប