បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានជំរុញឱ្យកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលនៅតាមបណ្តា អធិការដ្ឋានស្រុកក្រុងទាំង៩ បន្តស្រាវជ្រាវស៊ើបអង្កេត ស្វែងរកចាប់ខ្លួមុខមុខសញ្ញា ជនសង្ស័យនៅសេសសល់ដែលប្រព្រឹត្តបទល្មើសហើយគេចខ្លួន ត្រូវតាម ចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបាន ដោយមិនត្រូវឱ្យរួចខ្លួនបានឡើយ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ដែលមានការចូលរួមពីកម្លាំងនគរបាល ក្រោមបង្គាប់ប្រមាណជិត ៥០០នាក់ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងក្រោមបង្គាប់ ត្រូវពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារដឹកនាំការពារសន្តិសុខ ឱ្យមានសុវត្ថិភាពប្រសើរឡើងខ្ពស់ ខណៈដែលខេត្តបន្ទាយមានជ័យរយៈពេលចុងក្រោយកើតមានបទល្មើសកើនឡើង។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា កន្លងមក កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបំបែកសំណុំរឿងបទល្មើសព្រហ្មទណ្ឌ សម្រេចបានជោគជ័យជាបន្តបន្ទាប់ នៅពេលបទល្មើសកើតឡើង គឺកម្លាំងនគរបាល បានចេញប្រតិបត្តិការបង្ក្រាប ចាប់ជនល្មើ យកមកផន្ទាទោសតាមផ្លូវ នេះជាមោទនភាព និងមានការគាំទ្រពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានកើតឡើងនូវបទល្មើសឧក្រិដ្ឋអំពើឃាតកម្មរឿងស្នេហាត្រីកោណ ជនរងគ្រោះបានរងការកាប់សម្លាប់និងយកសពដុតចោលដើម្បីបំបាត់ភស្ថុតាង។ បទល្មើសនោះត្រូវបានមហាជនមានការភ្ញាក់ផ្អើល។ប៉ុន្តែក្រោយកើតឡើងតែរយៈពេល៣៦ម៉ោង កម្លាំងនគរបាលបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់។
កម្លាំងនគរបាលដែលបំបែកសំណុំរឿងឃាតកម្មនោះ ក៏ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ លើកទឹកចិត្តផ្តល់ថវិកា១លានរៀល ជាការឆ្លើយតប នៃការខិតខំប្រឹងប្រែង ធ្វើការងារសម្រេចបានលទ្ធផល។
បើយោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ហាញឱ្យដឹងថា បទល្មើសព្រហ្មទណ្ឌកើតឡើង ៦លើក លើ៤លើក កើនឡើង២លើក ចេញប្រតិបត្តិការបង្ក្រាប៥លើក ឃាត់ខ្លួនជនសង្ស័យ៦នាក់ បទល្មើសគ្រឿងញៀនកើតឡើង៣៤លើកលើ២៧លើក កើន៧លើក បង្ក្រាបឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន១២៤នាក់ ក្នុងនោះស្រី៥នាក់៕ ដោយ៖បញ្ញាស័ក្តិ