Friday, February 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២​នាក់​ជួញដូរ​ថ្នាំញៀន ដើម្បី​បាន​ប្រាក់ចំណេញ ត្រូវ​នគរបាល​ចាប់ខ្លួន​

​កណ្តាល ​៖ សេនាធិការ នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនសង្ស័យ ២​នាក់ និង​ថ្នាំញៀន​មួយចំនួន ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្អាង បង្ក្រាប​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅ​ថ្ងៃ សុក្រ​ទី ១ ខែ មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៥​និង​៣០​នាទី នៅ​ចំណុច ភូមិ ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ជនសង្ស័យ ដែល​ឃាត់ខ្លួន​៖ ឈ្មោះ អាន ហុត​លី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នេសាទ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ឈ្មោះ អ៊ី ធួន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុតាង​ចាប់ យក​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១១​កញ្ចប់ ក្នុងនោះ ធំ ០១​កញ្ចប់ និង​តូច ១០​កញ្ចប់​។ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន ០១​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុចកើតហេតុ​ខាងលើ ភ្លាមនោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ អាន ហុត​លី បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​តូច នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អាន ហុត​លី បាន​សារភាពថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០២​កញ្ចប់​នេះ ខ្លួន​បាន​ទិញ​ពី​ឈ្មោះ អ៊ី ធួន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ នៅ​ចំណុច​ភូមិ ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល តម្លៃ ៥០.០០០​រៀល ដើម្បី​យកទៅលក់​ឲ្យ​គេ​មិន​ស្គាល់ឈ្មោះ តម្លៃ ៨០.០០០​រៀល ។​
​បន្ទាប់មក​សមត្ថកិច្ច​នគរបាល បាន​បន្តទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ី ធួន បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៩​កញ្ចប់ ក្នុងនោះ ធំ ០១​កញ្ចប់ , តូច ០៨​កញ្ចប់ , ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់ បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​អំបិល ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អ៊ី ធួន បាន​សារភាពថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់​ធំ តម្លៃ ១.០០០.០០០​រៀល ពី​ឈ្មោះ រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ចំណុច​ភូមិ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដើម្បី​យកមក​លក់​បន្ត ក្នុង ០១​កញ្ចប់​តូច តម្លៃ ៤០.០០០​រៀល ។​

បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី ៕ ​ដោយ​៖​កូ​ឡាប​