(ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តក្នុងល្បឿនលឿន ទៅបុករ៉ឺម៉កកង់បីអូសជាង៥០ម៉ែត្របណ្ដាល ឲ្យជនជាតិបរទេស២នាក់បានស្លាប់ នៅនិងកន្លែងចំណែកឯអ្នកបេីករ៉ឺម៉ក ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង២យប់ថ្ងៃទី០២ ខែមិនាឆ្នាំ២០១៩ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែង ផ្លូវលេខ១៨៤ចំណុចមុខព្រះបរមរាជវាំងស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញក្រុងភ្នំពេញ។
ប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថានៅមុនពេល កើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ខ្មៅពាក់ស្លាកភ្នំពេញ2AX-5853 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខព្រះបរមរាជវាំង ស្រាប់តែរថយន្តរេចង្កូតងាកមកខាងឆ្វេងជ្រុលទៅបុករ៉ឺម៉កកង់បីចំពេញមួយទំហឹង បណ្ដាលឲ្យអូសជាង៥០ម៉ែត្របណ្ដាល ឲ្យជនជាតិបរទេស២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងចំណែកឯអ្នកបើករ៉ឺម៉កស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។
រីឯអ្នកបើកបររថយន្តបង្កវិញ មិនចេញពីកន្លែងកើតហេតុទេ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីធ្វើការសាកសួរនាំផងដែរ។
បច្ចុប្បន្នសពទាំង៣ត្រូវបានរថយន្តសាមុយដឹកយក ទៅតម្កល់នៅឯវត្តស្ទឹងមានជ័យ ដើម្បីរងចាំសាច់ញាតិមកទទួលយក ដោយឡែកសពទាំង៣នៅមិនទាន់ ស្គាល់អត្តសញ្ញាណពិតប្រាកដនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះ មកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញដើម្បីឲ្យចុះមក ធ្វើការវាស់វែងយករថយន្តបង្កនិងរ៉ឺម៉កកង់បីទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំក្រុមគ្រួសាររ៉ឺម៉កកង់បីមកដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕ ដោយ ៖ កូឡាប