តេស្តសាកល្បងខាងក្រោមនេះ បង្ហាញឲ្យឃើញពីប្រព័ន្ធកាមេរ៉ាដែលគួបផ្សំរវាងបច្ចេកវិទ្យាកំណត់អត្តសញ្ញាណផ្ទៃមុខ និងបញ្ញាសិប្បនិម្មិត គឺពិតជារហ័ស ហើយសុក្រឹតបំផុត។
ប្រព័ន្ធកាមេរ៉ានេះត្រូវបានបំពាក់បច្ចេកវិទ្យាសម្គាល់អត្តសញ្ញាណផ្ទៃមុខ និងសញ្ញាណសិប្បនិមិ្មតដ៏ជឿនលឿន។
ប៉ូលិសនៅទីក្រុង GUIYANG នៅប៉ែកខាងត្បូងប្រទេសចិន ត្រូវបានប្រគល់ភារកិច្ចប្រើប្រាស់ប្រព័ន្ធកាមេរ៉ាតាមដាននេះរកឲ្យឃើញអ្នកសារព័ត៌មាន BBC John Sudworth ។ សាកល្បងទាយមើលថា តើប្រព័ន្ធដ៏ទំនើបនេះ វាប្រើពេលប៉ុន្មានដើម្បីរកឃើញអ្នកសារព័ត៌មាន John Sudworth។
ដោយប្រើប្រាស់ប្រព័ន្ធកាមេរា ១៧០លាន របស់ក្រុមហ៊ុន CCTV របស់ចិន កងកម្លាំងសន្តិសុខបានចំណាយពេលត្រឹម ៧នាទី ដើម្បីរកឃើញបុគ្គលម្នាក់ក្នុងចំណោមពលរដ្ឋ៤លាននាក់ នៃទីក្រុងនេះ។ ប៉ុន្តែចិនពុំចង់បញ្ឈប់ត្រឹមកម្រិតនេះទេ ៖ ពួកគេមានគំរោងនឹងតម្លើងបន្ថែមកាមេរ៉ាចំនួន ៤រយលានទៀត ក្នុងអំឡុង ៣ឆ្នាំខាងមុខ។
ការដែលមានកាមេរ៉ាច្រើន នឹងជួយឃ្លាំមើលប្រជាជនបានកាន់តែម៉ត់ចត់ ៖ ផ្នែកសន្តិសុខ នឹងមានបញ្ជីរាយនាមពេញលេញមួយរ៉ាយរ៉ាប់លំអិតអំពីការងារដែលមនុស្សម្នាក់ៗធ្វើ ឬបុគ្គលដែលមានតម្រូវការស្វែងរក។ ពួកគេមានមហិច្ឆតា នៅថ្ងៃអនាគតតាមរយៈប្រព័ន្ធនេះ គេអាចព្យាករណ៍បាននៅទីណាដែលអាចកើតមានទង្វើល្មើសច្បាប់ ដើម្បីអាចរាំងស្កាត់ និងមានវិធានការដោះស្រាយទាន់ពេលវេលា៕ អាទិត្យ