កណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ គឺបងថ្លៃ បានផឹកស្រាស្រវឹង ហើយបានមានទំនាស់ពាក្យសំដី ជាមួយប្អូនថ្លៃ រស់នៅផ្ទះជាមួយគ្នា។ ជនរងគ្រោះ បានទាញពូថៅដេញកាប់ជនសង្ស័យ ខណៈពេលនោះជនសង្ស័យ បានទាញយកដំបងឈើមូល វាយទៅលើជនរងគ្រោះ ចំលើចិញ្ចើមខាងឆ្វេង មួយដំបង បណ្តាលឲ្យបែកផុងដល់លលាដ៏ក្បាល។ ដែលកើតហេតុថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩.៥០នាទីនៅចំណុច ផ្លូវលំភូមិកំពង់អុស ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ១នាក់ ឈ្មោះពីង ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល(ស្លាប់)។ ជនសង្ស័យ១នាក់ឈ្មោះហៀង រស់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល(គេចខ្លួន)។ វត្ថុតាងចាប់យក៖ ដំបងឈើមូលប្រវែង២,៥០ម៉ែត្រ។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះពីង ចាន់ បានផឹកស្រាស្រវឹង ហើយបានមានទំនាស់ពាក្យសំដី ជាមួយជនសង្ស័យឈ្មោះហៀង រស់ ដែលត្រូវជាប្អូនថ្លៃ រស់នៅផ្ទះជាមួយគ្នា ភ្លាមនោះដែរ ជនរងគ្រោះ បានទាញពូថៅដេញកាប់ជនសង្ស័យ តាមផ្លូវលំភូមិ ខណៈពេលនោះជនសង្ស័យ បានទាញយកដំបងឈើមូល វាយទៅលើជនរងគ្រោះ ចំលើចិញ្ចើមខាងឆ្វេង មួយដំបង បណ្តាលឲ្យបែកផុងដល់លលាដ៏ក្បាល ដួលនឹងដី រួចហើយជនសង្ស័យ បានរត់គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ជនរងគ្រោះបានស្លាប់ នៅមន្ទីរពេទ្យតែម្តង លុះព្រឹកឡើងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩និង២០នាទី ក្រុមគ្រួសារបានដឹកសព យកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី តាមចាប់ជនដៃដល់ ៕ ដោយ៖កូឡាប