ព្រះសីហនុ ៖ តៃកុងរថយន្តតាក់ស៊ីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីបើករថយន្តហាយឡិនឌ័រ ឈប់ប្តូរអំពូលភ្លើង មិនពន្លត់ម៉ាស៊ីន ដោះលេខច្រឡំដាក់N ឡានរអិល ម្ចាស់ស្ទុះទៅជាន់ហ្គែរ ច្រឡំហ្វ្រាំង ស្ទុះបុកប្តីប្រពន្ធ ផ្ទប់ជញ្ជាំងផ្ទះ បណ្តាលស្លាប់ប្តី ប្រពន្ធរបួសធ្ងន់ ឧបទ្ទវហេតុនោះ បានឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៩នឹង៣០នាទី លើផ្លូវសេរីភាព ត្រង់ចំណុច មុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តបង្កម៉ាក HIGHLANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1584 អ្នកបើកបរឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅដឹកភ្ញៀវពី ភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ពេលដាក់ភ្ញៀវចុះអស់ហើយ បានទៅផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះដល់ចំណុចខាងលើត្រៀមចេញ ពីរថយន្តដោយដាក់លេខ N រថយន្តក៏រអិលថយក្រោយ អ្នកបើកបរឃើញដូច្នេះ ស្ទុះទៅជាន់ហ្វ្រាំង តែច្រលំហ្គែរទៅមុខបុកនឹងម្ចាស់តូបចំនួន ២នាក់ប្តីប្រពន្ធ ផ្ទប់នឹងជញ្ជាំងផ្ទះតែម្តង។ ជនរងគ្រោះ ទី១.ឈ្មោះ វ៉ន វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ (ស្លាប់) និងប្រពន្ធឈ្មោះ ទៀង ហុង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (របួសធ្ងន់) មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។ ក្រោយកើតហេតុអ្នករបួស ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នកបើកបររថយន្ត បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ រីឯវត្ថុតាង រថយន្ត ១គ្រឿង បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ដោយ ៖បញ្ញាស័ក្តិ