ប្រធានាធិបតីរុស្សី Vladimir Putin បានថ្លែងកាលពីថ្ងៃពុធម្សិលមិញថា ភ្នាក់ងារសន្តិសុខរុស្សី បានបញ្ឍប់ភ្នាក់ងារបរទេស និងបុគ្គលិកចារកម្មចំនួនជិត ៦០០ ដោយលោកបញ្ជាក់ថា បច្ចាមិត្តទាំងនោះព្យាយាមជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់រុស្សី។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៃភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សី (FSB) លោកបាននិយាយថា “ភ្នាក់ងារប្រឆាំងនឹងចារកម្មបានធ្វើកិច្ចការយ៉ាងមានប្រសិទ្ធភាពកាលពីឆ្នាំមុន។ ដោយសារប្រតិបត្តិការពិសេស បុគ្គលិកចំនួន ១២៩នាក់ និងភ្នាក់ងារបរទេសចំនួន ៤៦៥ ត្រូវបានបញ្ឍប់”។
លោកបន្ថែមទៀតថា ភ្នាក់ងារចារកម្មបរទេសបានខិតខំយ៉ាងខ្លាំងក្នុងការបង្កើតសកម្មភាពរបស់ពួកគេទូទាំងរុស្សី ដើម្បីព្យាយាមលុកលុយចូលយកពត៌មានស្តីពីសេដ្ឋកិច្ច ការរស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ រុស្សី។
“ដូចជាពេលមុន ហើយប្រហែលឥឡូវ ពួកគេព្យាយាមធ្វើឲ្យមានឥទ្ធិពលលើដំណើរការនយោបាយពាក់ព័ន្ធនៅក្នុងប្រទេសពួកយើង។ ដូច្នេះ ភ្នាក់ងារចារកម្មត្រូវធ្វើការឲ្យមានប្រសិទ្ធភាព ធ្វើរាល់ថ្ងៃ និងផ្អែកទៅលើវិធីសាស្ត្រទំនើបក្នុងការធ្វើកិច្ចការ”។
សូមរំលឹកថា កាលពីឆ្នាំមុន ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្សីបានចាប់ខ្លួនពលរដ្ឋអាមេរិចកាំងម្នាក់ឈ្មោះ Paul Whelan ដោយសង្ស័យថាបានធ្វើចារកម្ម។ ចំណែកមេធាវីរបស់លោក បានថ្លែងប្រាប់ CNN កាលពីខែមករាកន្លងទៅថា កូនក្តីរបស់លោកត្រូវបានរកឃើញថា មានឯកសារសម្ងាត់ជាច្រើន នៅពេលគាត់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមូស្កូវ៕ សុភ័ក្ត្រ
ប្រភព៖ BBC