សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដាំផ្ញើដល់ស្ដ្រីគ្រប់រូបថា អ្វីក៏ដោយសំខាន់បំផុត នៅលើខ្លួនឯង ព្រោះកូនសោនៅលើយើង បើយើងមិនយល់ព្រម ជាមួយពួកជនពាលនោះទេ ក៏មិនមានករណីអ្វីកើតឡើង។ ស្ដ្រីកម្ពុជាទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងរក្សាខ្ជាប់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរ យើងឱ្យបាន។
នៅ ថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលពីការរស់នៅ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ និងអាហារដល់ កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ១៣៣នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា សង្គមស្អាតស្អំអាស្រ័យលើប្រជាជនរួមគ្នាធ្វើអំពើល្អ ហើយប្រឆាំងដាច់ខាត នូវអំពើព្រៃផ្សៃ អសីលធម៌ រំលោភបំពាន ពីសំណាក់មនុស្សពាលមួយចំនួន។ ទន្ទឹមនឹងនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឱ្យស្ត្រីគ្រប់រូបត្រូវក្រោកឈររឹងពឹងដោយខ្លួនឯង ត្រូវពង្រឹងសមត្ថភាព រក្សាតម្លៃស្ត្រីខ្មែរ វប្បធម៌ ប្រពៃណី ដើម្បីកសាងគ្រួសារដ៏ល្អក្នុងសង្គម ហើយក៏ត្រូវហ៊ានលាតត្រដាងចំពោះអំពើរំលោភបំពានដើម្បីអាជ្ញាធរ និងក្រសួងពាក់ព័ន្ធដាក់ទោសទណ្ឌដល់ជនល្មើសឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់ឱ្យស្មើនឹងការឈឺចាប់របស់ជនរងគ្រោះ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវ និងជំរុញលើកទឹកចិត្ដដល់ស្ដ្រីទូទាំងប្រទេស ត្រូវហ៊ានក្រោកឈរឡើង ពង្រឹងសមត្ថភាពខ្លួន កុំពឹងតែលើបុរស ជាប្ដីទាំងស្រុង ដែលអាចធ្វើឲ្យជះផលអាក្រក់មកលើខ្លួន និងគ្រួសារ។ ទន្ទឹមនឹងនេះ សម្តេចបានអំពាវនាវឱ្យស្ដ្រីខ្មែរហ៊ានលាតត្រដាង ចំពោះជនដែលបំពានលើខ្លួន ទោះអ្នកនោះពាក់ផ្កាយ ឬលោកខែក៏ដោយ។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា បើសិនជាមានករណីរំលោភបំពានផ្លូវភេទ កើតឡើងនៅក្នុងគ្រួសារមកលើយើង ម្ដាយ ឬកូនយើងក្ដី ក្នុងនាមយើងជាស្ដ្រី ត្រូវតែក្រោកឈរឡើង ពង្រឹងគោលជំហរ និងសមត្ថភាព ហ៊ានលាងត្រដាងការពិត ដើម្បីការពារក្រុមគ្រួសារយើង កុំខ្លាចអំណាចប្ដីចរិកពាលឲ្យសោះ។
ពិសេស យើងត្រូវប្រកាន់ជំហរខ្លួនឯងថា កុំពឹងលើប្ដីទាំងស្រុងនោះ គឺត្រូវតែពង្រឹងសមត្ថភាពខ្លួន មានការងារធ្វើ មានប្រាក់ខែទើបជាការល្អ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរចំពោះករណីស្ត្រីរងគ្រោះឈ្មោះ ស្រីពៅ មានអាយុ៣៥ឆ្នាំ មុខរបរជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស ដែលត្រូវបានបុរសម្នាក់អួតខ្លួនឯង ជាមន្ត្រីយោធាផ្កាយ៣ ទះកំផ្លៀងនាង ពេលបបួលនាងចេញក្រៅ តែនាងមិនព្រមទៅ ដែលនេះបង្ហាញថា គាត់មិនស្រេកឃ្លានលុយរបស់មនុស្សពាលនោះឡើយ មិនដូចអ្នកខ្លះឃើញលុយហ៊ានលះបង់គ្រប់យ៉ាង។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងទៀតថា ចំពោះមន្ដ្រីពាលមួយភាគតូច អាងខ្លួនមានលុយ អាងអំណាច បានធ្វើបាប និងមើលងាយតម្លៃស្ដ្រី បំផ្លាញទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏ល្អផូរផង់ ដែលសង្គមស្អប់ខ្ពើម។ ដូច្នេះសូមអំពាវនាវដល់ក្មួយទាំងអស់ ទាំងកម្មការិនី សិល្បការិនី ត្រូហ៊ានក្រោកឈរលាតត្រដាង ទោះបីជាអ្នកនោះ មានបុណ្យស័ក្ដិប៉ុណ្ណាក៏ដោយ ទោះបីពាក់ផ្កាយ ឬពាក់លោកខែក៏ដោយ ក៏មិនអាចរួចខ្លួនឡើង ឱ្យតែយើងហ៊ានលាតត្រដាងនោះ ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែចាប់ជនពាលទាំងនោះឱ្យបានផងដែរ ៕ ដោយ:កូឡាប