ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបន្តអនុវត្តនយន្តការពង្រីកវិសាលភាពប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រសាសន៍លើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគម ក្នុងសិក្ខាសាលាសភា ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅវិមានរដ្ឋសភា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ដើម្បីឱ្យប្រព័ន្ធសេវាទូរស័ព្ទ និងអ៊ីនធឺណិតគ្របដណ្ដប់បានទូទាំងប្រទេស ក្រសួងត្រូវបង្កើនការសាងសង់បង្គោលអង់តែននៅគ្រប់តំបន់។ បច្ចុប្បន្ន កម្ពុជាមានបង្គោលអង់តែនប្រមាណ ១៤,០០០ បង្គោលនៅទូទាំងប្រទេស ខណៈដែលនៅក្នុងរាជធានីភ្នំពេញ ត្រូវការការវិនិយោគបន្ថែមចំនួន ១,២០០ បង្គោលទៀត ដែលត្រូវចំណាយថវិកាសរុបប្រមាណ ៥០០ លានដុល្លារអាមេរិក ដោយក្នុងបង្គោលអង់តែនមួយមានតម្លៃចន្លោះពី ១០ ម៉ឺន ទៅ ៣០ ម៉ឺនដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់រាល់ការប្រើប្រាស់ស៊ីមកាត (SIM Card) ដែលមិនមានភ្ជាប់អត្តសញ្ញាណបណ្ណ ដើម្បីលុបបំបាត់ភាពអសកម្មនានា ជាពិសេសករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កហានិភ័យដល់សង្គម។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងលែងមានអ្នកប្រើប្រាស់ស៊ីមកាតដោយគ្មានអត្តសញ្ញាណបណ្ណទៀតឡើយ ពោលគឺយន្តការបោសសម្អាតនេះនឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគោរពជម្រាបជូនអង្គសិក្ខាសាលា អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់របស់ក្រសួង ការរៀបចំឱ្យមានរបៀបរៀបរយក្នុងវិស័យទូរគមនាគមន៍ ការកៀរគរចំណូលថវិកាជាតិ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឌីជីថលឆ្អឹងខ្នង កិច្ចការការពារសន្តិសុខសាយប័រ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាលឌីជីថល ការរីកចម្រើនដ៏ឆាប់រហ័រនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ជាដើម។ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីឆន្ទៈក្នុងការលើកកម្ពស់កិត្តិសព្ទរបស់កម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិលើសមត្ថភាពផ្នែកឌីជីថល៕ រក្សាសិទ្ធដោយ៖សុទ្ធលី






