ភ្នំពេញ៖ កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្ត្រាលី ដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា បាននាំមកនូវស្ថាប័នអប់រំ ចំនួន ៣៩ ទូទាំងប្រទេសអូស្ត្រាលី។ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារដឹ ហ្ក្រេត ឌ្យូក ភ្នំពេញ (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដើម្បីផ្តល់ការប្រឹក្សាផ្ទាល់ និងបង្ហាញនៅជម្រើសសិក្សានានា នៅប្រទេសអូស្ត្រាលីទៅកាន់ សិស្សានុសិស្ស និងមាតាបិតា។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់ លើពិភពលោក ដែលបានដើរតួនាទី ក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស ណូវែលហ្សេឡង់ កាណាដា អាមេរិច និងអៀរឡង់ ជាមួយនឹងការិយាល័យជាង ១០០ នៅច្រើនជាង ៣២ប្រទេសជុំវិញពិភពលោក។
“ជាច្រើនទសវត្សមកហើយ ដែលប្រទេសអូស្ត្រាលី ជាទិសដៅសិក្សាមួយ ដែលមានប្រជាប្រិយភាព សម្រាប់សិស្ស និស្សិត និងអាណាព្យាបាលកម្ពុជា សម្រាប់ឲ្យពួកគេជ្រើសរើសទៅបំពេញក្តីស្រមៃការសិក្សា និង ត្រួសត្រាយផ្លូវឆ្ពោះទៅរក អាជីពដែលពួកគេប្រាថ្នា នៅពេលពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ។ ប្រទេសអូស្ត្រាលី ផ្តល់ឲ្យសិស្ស និស្សិតនៅការអប់រំ ប្រកបដោយស្តង់ដារពិភពលោក គ្រប់កម្រិត និងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។” ប្រសាសន៍លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំIDP ប្រចាំប្រទេសកម្ពុជា។
កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍ នៅអូស្ត្រាលី គឺជាវេទិកាការសិក្សាដ៏ធំមួយ ប្រចាំឆ្នាំ នៅប្រទេសកម្ពុជា ដែលមានការចូលរួមពីស្ថាប័នអប់រំអូស្ត្រាលីចំនួន ៣៩ និងមានសិស្សិ និស្សិត និងអាណាព្យាបាលច្រើនជាង 800នាក់ បានមកជួបពិភាក្សាផ្ទាល់ ជាមួយស្ថាប័នអប់រំអូស្ត្រាលី ដើម្បីស្វែងយល់ព័ត៌មាន អំពីជម្រើសសិក្សាគ្រប់កម្រិត ចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មាន អំពីអាហារូបករណ៍ដែលពាក់ព័ន្ធ និងតម្រូវការទិដ្ឋាការផ្សេងៗ។ ការផ្តល់ប្រឹក្សាទៅសិក្សា នៅបរទេសរបស់ស្ថាប័ន IDP គឺមិនតម្រូវឲ្យបង់ប្រាក់ទេ។
“ខ្ញុំបាទមានកិត្តិយស សូមធ្វើការថ្លែងអំណរគុណ ដល់ស្ថាប័ន IDP ក្នុងការរៀបចំកម្មវិធីបែបនេះឡើង។ កម្មវិធីបែបនេះ នៅតែបន្តជាឱកាសល្អប្រសើរ សម្រាប់សិស្ស និស្សិតកម្ពុជា និងអាណាព្យាបាល ក្នុងការជួបជាមួយ នឹងតំណាងស្ថាប័នជាច្រើន។ ខ្ញុំក៏សូមអរគុណ ដល់អ្នកតំណាងស្ថាប័នអប់រំ ដែលមានវត្តមាននៅទីនេះ ពីព្រោះកម្មវិធីនេះ នឹងមិនអាចប្រព្រឹត្តទៅបាន ប្រសិនបើគ្មានការបន្តគាំទ្រ និងចូលរួមរបស់អ្នកតំណាងស្ថាប័នអប់រំ។” ប្រសាសន៍របស់លោក Luke Arnold, ឯកអគ្គរដ្ឋទូតរងអូស្ត្រាលី ប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីបើកដំណើរការ នៃកម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍ នៅអូស្ត្រាលី។
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលី សម្រាប់ការបណ្តុះបណ្តាល (ACE) ក៏មានវត្តមាន ក្នុងកម្មវិធីនេះដែរ និងបានផ្តល់នូវព័ត៌មាន ទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្ត្រីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏បានចូលរួម ផ្តល់ប្រឹក្សាពី ការចុះឈ្មោះប្រឡង និងប្រព័ន្ធតេស្ត IELTS CDI ថ្មី។
ជាមួយនឹងប្រព័ន្ធថ្មីនេះ សាធារណជន អាចធ្វើការជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ។ ប្រព័ន្ធតេស្ត IELTS CDI នេះ ត្រូវបានគេរំពឺងទុកថា នឹងក្លាយជាជម្រើសតេស្តងាយស្រួលដែល ធ្វើឲ្យតម្រូវការតេស្តIELTS កើនឡើងជុំវិញពិភពលោក ក៏ដូចជាធ្វើឲ្យបេក្ខជនប្រឡង មានសមត្ថភាពប្រើប្រាស់ បចេ្ចកវិទ្យា ដែលកំពុងរីកចម្រើន៕ ដោយ៖កូឡាប