តុលាការជាន់ខ្ពស់ថៃ បានរំលាយគណបក្ស Thai Raksa Chart ក្រោយពេលបក្សប្រឆាំងនេះបានតែងតាំង បុត្រីអតីតព្រះមហាក្សត្រថៃគឺព្រះនាង Ubolratana ជាបេក្ខជននាយករដ្ឋមន្ត្រី។
ចំណែកអ្នកនយោបាយរបស់បក្ស Thai Raksa Chart ត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយ ចំនួន ១០ឆ្នាំ។ បក្ស Thai Raksa Chart ត្រូវបានគាំទ្រដោយ អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ដែលត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។
អ្នកវិភាគនិយាយថា ការរំលាយបក្សប្រឆាំងនោះវានឹងធ្វើឲ្យមានការពិបាកខ្លាំងដល់អ្នកគាំទ្រលោក Thaksin ក្នុងការឈ្នះសម្រាប់ការបោះឆ្នោតជាតិនៅចុងខែមីនានេះ។
តុលាការធម្មនុញ្ញថៃ ដែលបានរំលាយបក្សប្រឆាំងខាងលើចោលនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បាននិយាយថា ការតែងតែព្រះនាង Ubolratana បានគំរាមកំហែងដល់ភាពអព្យាក្រិត្យរបស់រាជាធិបតេយ្យ។
ចៅក្រុម Nakharin Mektrairat បានថ្លែងនៅក្នុងសេចក្តីសម្រេចថា “រាជាធិបតេយ្យគឺស្ថិតនៅលើនយោបាយ និងដើម្បីរក្សាអព្យាក្រិត្យភាពនយោបាយ។ ព្រះមហាក្សត្រ ម្ចាស់ក្សត្រី និងព្រះអង្គម្ចាស់ មិនអាចប្រើប្រាស់សិទ្ធិនយោបាយតាមការបោះឆ្នោតឡើយ”។
សូមបញ្ជាក់ថា ប្រទេសថៃនឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី ២៤ ខែមីនាខាងមុខនេះ បន្ទាប់ពីត្រូវគ្រប់គ្រងដោយរបបយោធាតាំងពីឆ្នាំ ២០១៤មក៕ សុភ័ក្ត្រ
ប្រភព៖ BBC