ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៨មីនានេះ បានឲ្យដឹងថា ដំណឹងល្អ! នៅ ថ្ងៃទី ៣ មេសា ២០១៩ ជាកាលបរិច្ឆេទ គ្រោងបើកដំណើរការឡើងវិញ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វាទី១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន សម្រេចបាន៩៧%ហើយ និងគ្រោងបើកឱ្យដំណើរ ការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស ។
ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។
ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕ ដោយ:កូឡាប