បន្ទាយមានជ័យ ៖ បុរសម្នាក់ ប្រើត្រាក្លែងក្លាយ បោះលើលិខិតឆ្លងដែនពិតប្រាកដ ដើម្បីពន្យារសុពលភាព ឲ្យពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ត្រូវនគរបាល ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត។
ជនសង្ស័យ ឈ្មោះ ពេជ្រ រិទ្ឌ បម្រើការងារនៅក្រុមហ៊ុន B S R O នាំពលករស្របច្បាប់ទៅប្រទេសថៃ ។
លោកវរសេនីយ៍ឯក ធិនែ ស៊ិនដេត អធិការ នៃអធិការដ្ឋននគរបាលក្រុងប៉ោយប៉ត បានបញ្ជាក់ថា សមត្ថកិច្ចនគរបាល នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យុ បានឃាត់ខ្លួនបុរសម្នាក់នេះ ពិតប្រាកដមែន ក្នងករណីក្លែងត្រា និងបោះត្រាពន្យារសុពលភាព យកប្រាក់ពីពលករខ្មែរ ដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយសារតម្រួតថៃ ពិនិត្យឃើញត្រាក្លែងក្លាយ និងមានភាពមិនប្រក្រតី ដែលវាយនៅលើប៉ាសស្ព័រ ហើយបានចាប់ឃាត់ខ្លួន ពលករខ្មែរជាច្រើននាក់ តែត្រូវបាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ សុំធានាមកវិញ ហើយទំនាក់ទំនងមកនគរបាល ទើបលោកដាក់ កម្លាំងស្រាវជ្រាវអស់រយៈពេលមួយខែ ទើបរកឃើញមុខសញ្ញានេះ។ បច្ចុប្បន្នមុខសញ្ញា ត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជក់ថា កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញនគរបាល បានទទួលជនរងគ្រោះ ពីស្ថានអង្គកុងស៊ុល ប្រចាំខេត្ត ស្រះកែវ ប្រទេសថៃ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីករណីប្រើប្រាស់ លិខិតឆ្លងដែនពិតប្រាកដ តែត្រាពន្យារសុពលភាពក្លែងក្លាយ ឈ្មោះ ខាត់នី ផល្លី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតាសល់ ឃុំចំនោម ស្រុកមង្គលបុរី បន្ទាយមានជ័យ ។ ខណៈនោះជនរងគ្រោះបានដាក់បណ្តឹងប្តឹង ឈ្មោះ ពេជ្រ រិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែររត់ម៉ូតូឌុប មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ។
ក្រោយពេលទទួលបណ្តឹងហើយ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញ ឈ្មោះ ពេជ្រ រិទ្ធ ដើម្បីសាកសួរ ដោយសាមីខ្លួនបានប្រាប់ថា ខ្លួនបម្រើការងារនៅក្រុមហ៊ុន B S R O នាំពលករស្របច្បាប់ទៅប្រទេសថៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុននៅភ្នំពេញ បានផ្ញើលិខិតឆ្លងដែនមួយក្បាល ឈ្មោះ ខាត់នី ផល្លី ដើម្បីពន្យារសុពលភាព ហើយខ្លួនបានយកលិខិតឆ្លងដែនឲ្យទៅ ឈ្មោះ ណាវ៉ាត់ ហើយ ណាវ៉ាត់ ថា ចាំយកមកឲ្យឈ្មោះ ភស្ជ័ បោះត្រាឲ្យ ហើយក៏ប្រគល់ប៉ាសស្ព័រ និងលុយ១០០០បាត។
ក្រោយការសាកសួរ ឈ្មោះ នូ ណាវ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរបាននិយាយថា ខ្លួនពិតជាបានទទួលលិខិតឆ្លងដែន ឈ្មោះ ខាត់នី ផល្លី អាយុ៣១ឆ្នាំ យកមកឲ្យ ឈ្មោះ ភស្ជ័ ពន្យារពិតមែន។ ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ម៉ោង៩ព្រឹក បានហៅ ឈ្មោះ អ៊ឹម សម្ផ័ស ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានសារភាពថា ខ្លួនពិតជាមានត្រា ពន្យារ ប៉ាសស្ព័រ និងបានបោះត្រាពន្យារមួយរយៈកន្លងមកបានប្រហែល៣០ក្បាល ក្នុងនោះក៏បានយកត្រាមកប្រគល់ជូនសមត្ថកិច្ច ប៉ោយប៉ែតផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាត់ការទៅតាមច្បាប់៕ ដោយ:កូឡាប