Wednesday, March 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ខ្មែរ​ដំបូង​គេ​ដែល​បានបញ្ចប់​ការសិក្សា​នៅ​AUPP ទទួលបាន​អាហារូបករណ៍ ១០០% សម្រាប់​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ត៍​

(​ភ្នំពេញ​)៖ និស្សិត​ខ្មែរ​ដំបូង​គេ​ដែល​បានបញ្ចប់​ការសិក្សា​វិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ទទួលបាន​អាហារូបករណ៍ ១០០% សម្រាប់​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (​អនុបណ្ឌិត​) នៅ​សាកលវិទ្យាល័យ​ស្ទែ​ន​ហ្វ​ត៍ (Stanford University) នៅ​សហរដ្ឋអាមេរិក ដែលជា​សាកលវិទ្យាល័យ​លំដាប់​ទី​៣​លើ​ពិភពលោក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ The Knight-Hennessy Scholars នៃ​សាកលវិទ្យាល័យ ស្ទែ​ន​ហ្វ​ត៍ ដែល​បានចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​បានឱ្យដឹងថា ក្នុងចំណោម​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រឡង​អាហា​រូប ករ​ណ៍​ចំនួន ៤៤០០​នាក់ និស្សិត លេន សៀវ​ឡាន បានឈ្នះ​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​កំពូល​នេះ​ក្នុងចំណោម​និស្សិត ឆ្នើម ៦៨ នាក់​ទៀត​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក​។​

​សៀវ​ឡាន មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​។ នាង​បាន​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​កិច្ចការ​សាកល នៅ​សាកលវិទ្យាល័យ AUPP ដោយ​ទទួលបាន​អាហារូបករណ៍ ១០០ % ពី​ស្ថាបនិក​សាកលវិទ្យាល័យ AUPP និង​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​ហាប់​ស្វ៊ែ​ល​។

​សៀវ​ឡាន បាន​ចូលរួម​សកម្មភាព​ដឹកនាំ​ជាច្រើន​ក្នុងសង្គម និង​ការបង្កើត​គោលនយោបាយ​សម្រាប់​ស្វែងរក​ដំណោះស្រាយ លើ​វិស័យ​អប់រំ​និង​សង្គម​នៅ​កម្ពុជា​។ សៀវ​ឡាន ជា​ជំនួយការ​ស្រាវជ្រាវ​ផ្នែក​សង្គម និង​ជា​អ្នក​ស្ម​គ្រ​ចិត្ត​សម្រាប់​មូ​លិ​ធី​អាល្លឺម៉ង់​ឈ្មោះ Konrad-Adenauer-Stiftung​។ នាង​ក៏​ជា​ស្ថាបនិក​និង​ជា​អ្នក​កែរ​សម្រួល​នៃ​សារព័ត៌មាន The Eagle Times នៅ​សាកលវិទ្យាល័យ AUPP ផងដែរ​។​

​សៀវ​ឡាន បានបង្ហាញ​ពី​អារម្មណ៍​រំភើប​បន្ទាប់ពី​ទទួលដំណឹង​លទ្ធផល​អាហារូបករណ៍​នេះ​ថា “​ក្តី​ស្រ​ម៉ៃ​របស់​នាង​បាន​ក្លាយជា​ការពិតហើយ​បន្ទាប់ពី​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​។ នាង​ស្ទើរតែ​មិន​ជឿ​ចំពោះ​លទ្ធផល​ដ៏​ត្រ​ចេះ​ត្រចង់​នេះ​។​”

​លោក​សាស្ត្រាចារ្យ​បណ្ឌិត Kenneth Dunn សាកលវិទ្យាធិកា AUPP បាន​មានប្រសាសន៍ថា “​នេះ​ជា​លើក​ទី​១ ក្នុង​ប្រវត្តិសាស្ត្រ​អប់រំ​កម្ពុជា ដែល​និស្សិត​ខ្មែរ​ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​លំដាប់​កំពូល​របស់​ពិភពលោក​នេះ​។ AUPP សូម​ចូលរួម​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ដល់​និស្សិត​ឆ្នើម​របស់​យើង សម្រាប់​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ​។​”

​លោក​បណ្ឌិត Kenneth Dunn បាន​បន្តទៀតថា “AUPP សូម​ជូនពរ សៀវ​ឡាន ឱ្យ​ទទួលបាន​ជោគជ័យ​ពី​ការសិក្សា​។ យើង​នៅតែ​បន្ត​លើកទឹកចិត្ត សៀវ​ឡាន ឱ្យ​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។ ”

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “AUPP បាន​កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​វិស័យ​អប់រំ និង​កិច្ច​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការផ្តល់ជូន​និស្សិត​ខ្មែរ​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​សញ្ញាបត្រ​ដែល​ចេញ​ដោយ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក​។ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា AUPP នឹង​ក្លាយជា​សាកលវិទ្យាល័យ​គម្រូ សម្រាប់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា និង​ក្នុង​តំបន់​។ ”

AUPP ជា​សាកលវិទ្យាល័យ​តែមួយគត់​នៅ​កម្ពុជា ដែល​បើក​បណ្តុះបណ្តាល​ក​ម្ម​វិធី​បរិញ្ញាបត្រ​សញ្ញា​ប​ត្រ​ពីរ (០២) ដែលមាន​ការទទួលស្គាល់​ជា​សាកល ជាមួយ​សាកលវិទ្យាល័យ​អាមេរិក​ធំៗ​ពីរ គឺ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា និង​សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍​។​ ​ដោយៈ កូ​ឡាប​