កូនប្រុសដែលទើបនឹងកើត របស់ស្ត្រីអង់គ្លេសឈ្មោះ Shamima Begum ដែលបានចាកចេញពីទីក្រុងឡុងដើម្បីទៅចូលរួមនឹងក្រុមរដ្ឋអ៊ីស្លាម (ISIS) ក្នងប្រទេសស៊ីរី បានស្លាប់ហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី។
ទារកដែលមានអាយុ តិចជាង ៣អាទិត្យនោះបានស្លាប់ដោយសាររោគរលាកសួត បើយោងតាមការបញ្ជាក់របស់ពេទ្យ។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបាននិយាយថា ការស្លាប់របស់កុមារគ្រប់រូបគឺជារឿងគួរអោយខ្លោចផ្សារ និងជារឿងឈឺចាប់សម្រាប់គ្រួសារ។
អ្នកនាំពាក្យដដែលនិយាយថា រដ្ឋាភិបាលអង់គ្លេសបានដាស់តឿនយ៉ាងជាប់លាប់ ប្រឆាំងទៅនឹងការធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ហើយរដ្ឋាភិបាលនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីរារាំងមិនឲ្យប្រជាជនពីការអូសទាញឲ្យធ្លាក់ចូលក្នុងអំពើភេវរកម្ម និងការធ្វើដំណើរទៅកាន់ តំបន់មានជម្លោះដ៏គ្រោះថ្នាក់នៅក្នុងប្រទេសស៊ីរី។
សូមបញ្ជាក់ថា ស្ត្រីវ័យក្មេងសញ្ញាតិអង់គ្លេសខាងលើ បានចាកចេញពីទីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងឆ្នាំ ២០១៥ ជាមួយនឹងមិត្តភក្តិ ២នាក់ទៀត ហើយនាងត្រូវបានគេប្រទះឃើញនៅក្នុងជំរុំភៀសខ្លួន ស៊ីរី នៅពាក់កណ្តាលខែកុម្ភៈ។
នាងចង់ត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ ប៉ុន្តែត្រូវរដ្ឋាភិបាលដកសញ្ញាតិរបស់នាង។
ប្តីរបស់នាង ដែលជាពួកសកម្មប្រយុទ្ធ IS ជនជាតិហូឡង់ ដែលកំពុងត្រូវឃុំខ្លួននៅគុកក្បែរនាង ក៏ត្រូវបានគេផ្តល់ដំណឹងពីការស្លាប់របស់កូនប្រុសខ្លួនផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ BBC