ប្រទេសឥណ្ឌាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសរុស្សីក្នុងការជួលនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ រយៈពេល ១០ឆ្នាំ ក្នុងតម្លៃទឹកប្រាក់ចំនួន ៣ពាន់លានដុល្លា ដើម្បីបំពាក់ដល់កងទ័ពជើងទឹក របស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍នៅថ្ងៃសុក្រម្សិលមិញនេះ។
បើតាមសេចក្តីរាយការណ៍ នៅពេលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាននៃប្រទេសទាំងពីរ ប្រទេសរុស្សីនឹងត្រូវបញ្ជូននាវាមុជទឹក Akula ដែលនឹងត្រូវដូរឈ្មោះទៅជា Chakra III ទៅឲ្យឥណ្ឌានៅឆ្នាំ ២០២៥។
វានឹងក្លាយទៅជានាវាមុជទឹកទី ៣ហើយដែលរុស្សីបានជួលឲ្យកងទ័ពជើងទឹកឥណ្ឌា។
ទោះយ៉ាងណា ក្រសួងការបរទេសឥណ្ឌា មិនទាន់បានប្រកាសពីកិច្ចព្រមព្រៀងជាផ្លូវការនៅឡើយទេ។
បើតាមសេចក្តីរាយការណ៍របស់សារពត៌មាន PTI របស់ឥណ្ឌា បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌាបដិសេធក្នុងការធ្វើអត្ថាធិប្បាយលើកិច្ចព្រមព្រៀងនោះ៕ សុភ័ក្ត្រ
ប្រភព៖ Xinhua