Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ណែនាំ ពី​ការបង្ការ​ទប់ស្កាត់ អន្ដរាគមន៍​គ្រោះ​អគ្គិភ័យ និង​វិធានការ​រក្សា​ទឹក​ទុក​

​កំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្ដីណែនាំ ស្ដីពី​ការបង្ការ​ទប់ស្កាត់ អន្ដរាគមន៍​គ្រោះ​អគ្គិភ័យ និង​វិធានការ​រក្សា​ទឹក​ទុក ខណៈ​ដែល​កម្ពុជា​នឹង​ទទួលរង​នូវ​ឥទ្ធិពល​បាតុភូត អ៊ែល នី​ណូ នា​រដូវប្រាំង និង​ដើម​រដូវវស្សា​ឆ្នាំ ​២០១៩ ​នេះ ​។​

​បើ​តាម​សេចក្ដីណែនាំ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​លោក​អភិបាលខេត្ត​វី​សំណាង បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​ ២០១៩ ​នេះ​ថា ដោយ​​ផ្អែក​លើ​ស្ថានភាព​អាកាសធាតុ​ខាងលើ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ សូម​ធ្វើ​ការណែនាំ​ដើម្បី​បង្ការ​ទប់ស្កាត់ អន្តរាគមន៍​គ្រោះ​អគ្គីភ័យ និង​ចាត់វិធានការ​រក្សា​ទឹក​ទុក សម្រាប់​ប្រើប្រាស់ ដូចខាងក្រោម ​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មូលដ្ឋាន ទីប្រជុំជន​នានា និង​គ្រប់​ទី​វត្ត​អារាម​សាសនា ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ភ្លើង ធូប ទៀន ចង្ក្រាន និង​បណ្តាញ​អគ្គិសនី មុន​នឹង​ចេញ​ដំណើរ​ទៅ​ទីជិត ឬ​ទី​ឆ្ងាយ ជាពិសេស​គួរ​ចៀសវាង​ការដុត​សំរាម ចំបើង និង​ជើង​ជាំ​ង​។ បងប្អូន​ប្រជាកសិករ​គួរ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​តែ​មួយ​ដង​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០១៩​នេះ ទោះបីជា​មាន​ទឹក នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយ​ចំនួន​ទៀត ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងអស់​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។

ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​ស្ថាប័នឯកជន​ទាំងអស់​ក្នុង​ខេត្ត ត្រូវមាន​វិធានការ​រួចជាស្រេច ក្នុងការ​បង្ការ​គ្រោះ​អគ្គីភ័យ ដោយ​ត្រៀមលក្ខណៈ​បំពាក់​បំពង់​ពន្លត់អគ្គីភ័យ និង​ផ្សព្វផ្សាយ​ដល់​និយោជិត​របស់​ខ្លួន​ឲ្យបាន​យល់​ដឹង​ពី​ហានិភ័យ​ទាំងនេះ​។

អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង និង​យល់​ច្បាស់​ពី​ហា​នី​ភ័យ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ និង​ត្រូវ​មាន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការត្រៀម​លក្ខណៈ គ្រប់​បែបយ៉ាង​ទាំង​ឧបករណ៍​សម្ភារ ដើម្បី​អន្តរាគមន៍​ជួយ​​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុងករណី​ដែល​មាន​គ្រោះ​អគ្គីភ័យ និង​គ្រោះ​ធម្មជាតិ​នៅតាម​មូលដ្ឋាន និង​ត្រូវ​ចាត់វិធានការ​ក្នុង​ការថែរក្សា​ទឹក​ទុកឲ្យ​បានល្អ សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ចាំបាច់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង និង​ស្រុក ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ពន្លត់អគ្គីភ័យ និង​ណែនាំ​ដល់​មន្ត្រីនគរបាល បង្ការ​ពន្លត់អគ្គីភ័យ ដើម្បី​ត្រៀម​ខ្លួន​ប្រចាំការ​២៤​ម៉ោង​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា ​៕​ ​ដោយ ​:​ កូឡាប​

×