រាជធានីភ្នំពេញ៖ ធនាគារស៊ីអាយអីមប៊ី (ធនាគារ CIMB) បានដាក់ជូនអតិថិជនរបស់ខ្លួន ក៏ដូចជាសាធារណៈជន នូវផលិតផលថ្មីមួយទៀតគឺ សម្ពោធឲ្យប្រើប្រាស់ជាផ្ឡូវការនូវសេវាកម្ម «ឥណទានបុគ្គល» ជាឥណទានថ្មីមួយប្រភេទទៀតដែលផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្ត ដល់អតិថិជន ដែលមានតម្រូវការសាច់ប្រាក់មកបង្វិលជាចាំបាច់ ក្នុងស្ថានភាពបន្ទាន់ ។

បច្ចុប្បន្ននេះយើងឃើញថាដោយពិនិត្យឃើញនូវតម្រូវការ នៅលើទីផ្សារ មានឥណទានបែបនេះជាច្រើន ភ្ជាប់នូវនិងអាស្រ័យដោយលក្ខខណ្ឌស្មុគស្មាញមួយចំនួន ដែលជាផលវិបាក សម្រាប់នាំឲ្យអតិថិជន ពុំអាចសម្រេចបានតាមសំណូមពរ ជាបន្ទាន់ ក្នុងជីវភាពរបស់ខ្លួន។ ការស្វែងរកទុនបង្វិលភ្លាមៗ គឺជាការប្រឈមមួយ ដែលនឹងការប្រាក់អាចមានអត្រាខ្ពស់ ហើយពេលសងត្រឡប់វិញ មុនកាលកំណត់ អាចនឹងត្រូវរងប្រាក់ពិន័យ បើចង់សងមុនពេលកំណត់។ អស់ក្តីបារម្ភ! ឥឡូវនេះ លោកអ្នកអាចស្នើសុំប្រាក់បង្វិលរហ័សងាយស្រួល ពីឥណទានបុគ្គល របស់ធនាគារ CIMB ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាងគេមួយចំនួន ។
មិនថាលោកអ្នកត្រូវការសាច់ប្រាក់បង្វិលប្រញាប់ សម្រាប់ទិញគ្រឿងសង្ហារឹមក្នុងគេហដ្ឋាន បន្ថែមគ្រឿងសម្ភារៈអាជីវកម្ម បង់ថ្លៃសាលាឲ្យបុត្រធីតា រៀបចំមង្គលការ ឬក៏ដោះស្រាយសេចក្តីត្រូវការផ្សេងទៀតក៏ដោយ ឥណទានបុគ្គល របស់ធនាគារ CIMB អាចផ្តល់នូវដំណោះស្រាយសាច់ប្រាក់ទាន់ពេលវេលា ជាមួយនឹងលក្ខខណ្ឌងាយស្រួល អត្រាការប្រាក់ល្អ ចាប់ពី ១៨% ក្នុងមួយឆ្នាំ និងការអនុម័តឥណទាន ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតិថិជនប្រគល់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។ ជាងនេះទៅទៀត រយៈពេលឥណទាន គឺរហូតដល់ ៥ឆ្នាំ រីឯទំហំឥណទាន គឺរហូតដល់ ២៥ ០០០ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែពិសេសជាងគេនោះ គឺលោកអ្នកអាចសងផ្តាច់ឥណទានវិញ ក្នុងរយៈពេលណាក៏បានដែរ ដោយមិនមានការប្រាក់ពិន័យ ។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គល របស់ធនាគារ CIMB មានប្រសាសន៍ថា៖ «ក្នុងឆ្នាំថ្មីនេះ យើងមានក្តីសោមនស្សរីករាយ ក្នុងការនាំយកផលិតផលឥណទានថ្មីមួយប្រភេទទៀត ដល់អតិថិជនរបស់យើង គឺឥណទានបុគ្គល។ ជាមួយនឹងការសិក្សាយ៉ាងលម្អិត ល្អិតល្អន់ ឥណទានបុគ្គល របស់ធនាគារ CIMB ពិតជាមានភាពទាក់ទាញ និងអត្ថប្រយោជន៍ខ្ពស់ នៅលើទីផ្សារបច្ចុប្បន្ន ដែលមិនត្រឹមតែផ្តល់ជូនអតិថិជន នូវអត្រាការប្រាក់ល្អ រយៈពេលឥណទានយូរ និងទំហំឥណទានរហូតដល់ ២៥ ០០០ ដុល្លារ ប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឲ្យអតិថិជនអាចសងផ្តាច់ឥណទានវិញ មុនកាលកំណត់ ទាំងមិនមានការផាកពិន័យផងដែរ។»
តាមរយៈអត្ថប្រយោជន៍ល្អប្រសើរ ខាងលើនេះ លោកស្រី ធីតា បានជឿជាក់អះអាងថា ឥណទានបុគ្គល របស់ធនាគារ CIMB នឹងជួយសម្រួលដល់ការបង្វិលសាច់ប្រាក់ចាំបាច់តម្រូវការទុនជាបន្ទាន់ ក្នុងកាលៈទេសៈប្រញាប់រយៈពេលខ្លី។ ជាមួយនឹងអត្ថប្រយោជន៍ឈានមុខគេដ៏ល្អប្រសើរ ដែលធនាគារយើងខ្ញុំ នឹងទទួលបានការគាំទ្រច្រើន ពីសំណាក់អតិថិជនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ +855 (0) 23 988 388 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។
អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ២៣,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម និងសេវាប្រតិបត្តិការផងដែរ។
ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៩០០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ១.០០០ ក្រុមហ៊ុន នៅក្នុងតំបន់ ។
ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចំបងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៣,៧% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។
ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៣៨,១ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៩.០០០នាក់ នៅក្នុងប្រទេសចំនួន ១៥៕ ដោយ ៖ កូឡាប

