ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយស្ថាប័នក្រោមឱវាទពាក់ព័ន្ធ ដើម្បីពិភាក្សាគញនាឈានទៅចាត់វិធានការ ទៅលើក្រុមជនអនាធិបតេយ្យ ដែលចូលទៅទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន និងដីសាធារណៈរបស់រដ្ឋ មានទីតាំងនៅតាមក្រុង-ស្រុកមួយចំនួន ជាពិសេសនៅឃុំបិតត្រាំង ស្រុកព្រៃនប់។
កិច្ចប្រជុំបន្ទាន់កាលពីល្ងាចម្សិលមិញនេះ មានការចូលរួមពីលោកអភិបាលក្រុង-ស្រុកទាំង៤ – កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។
នាឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលបំណងសំខាន់ ដែលបើកកិច្ចប្រជុំបន្ទាន់ខាងលើនេះ បានផ្ដោតសំខាន់ទៅលើការងារផ្សព្វផ្សាយអប់រំ និងវិធានការចុះបង្ក្រាបរាល់ទៅលើសកម្មភាពអនាធិបតេយ្យ របស់ក្រុមប្រជាពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពចូលទៅទន្ទ្រានកាន់កាប់រំលោភលើដីកម្មសិទ្ធិ របស់អ្នកដទៃ ដែលនៅទំនេរ និងដីសាធារណៈរបស់រដ្ឋ។
លោកអភិបាលបន្ត ទទួលស្គាល់ថា ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ សង្កេតឃើញមានវត្តមាន របស់ក្រុមប្រជាពលរដ្ឋ ឬជនអនាធិបតេយ្យមិនស្គាល់អត្តសញ្ញាណមកពីខេត្តផ្សេងៗមានចំនួនរាប់រយនាក់ បានចូលមកមូលដ្ឋានខេត្តព្រះសីហនុ។ ជាងនេះពួកគេបានប្រមូលផ្ដុំគ្នាចូលទៅទន្ទ្រានរំលោភកាន់កាប់ និងចុះវាស់វែងដីនៅទំនេរ ដើម្បីចែកគ្នា នៅតាមមូលដ្ឋានស្រុក-ក្រុងមួយចំនួន ជាពិសេសនៅស្រុកព្រៃនប់។
ករណីនេះ លោក យន្តមីន បញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរតាមមូលដ្ឋាន បានធ្វើការតាមដាន និងបានស៊ើបអង្កេតពិនិត្យឃើញថា ក្រុមប្រជាពលរដ្ឋទាំងនោះ គឺបានចល័តមកពីតំបន់ផ្សេង ឬខេត្តផ្សេងៗតាមការចលនាអូសទាញ របស់មេខ្លោងលាក់មុខនៅពីក្រោយខ្នង ដើម្បីឲ្យចូលមកទន្ទ្រានយកដីកម្មសិទ្ធិ របស់អ្នកដទៃ និងដីសាធារណៈ របស់រដ្ឋ នៅតាមតំបន់ខ្លះ ក្រោមហេតុផល មានជីវភាពក្រីក្រគ្មានដី និងគ្មានផ្ទះរស់នៅជាដើម។
ត្រង់ចំណុចនេះ លោក យន្ត មីន បានការសន្និដ្ឋានថា អាចជាយុទ្ធសាស្ត្រ របស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យ ក្រោមល្បិច ឈ្នះបានដីចាញ់បានលុយតែប៉ុណ្ណោះ។
ផ្តើមពីបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមានថា ជាវិធានការចំពោះមុខនេះ លោក បានប្រគល់ភារៈកិច្ចនេះ ជូនគណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំងអស់ ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយដល់ទីតាំង ដែលមានប្រជាពលរដ្ឋចំណូលថ្មី ដែលពួកគាត់បានចូលទៅទន្ទ្រានកាន់កាប់ដីខុសច្បាប់ទាំងនោះ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីច្បាប់ និងត្រូវកំណត់អត្តសញ្ញាណជនអនាធិបតេយ្យទាំងនោះ ឲ្យបានច្បាស់ ដោយត្រូវណែនាំឲ្យពួកគាត់ចាកចេញពីទីតាំងចូលទន្ទ្រានខុសច្បាប់ជាបន្ទាន់ ដើម្បីចៀសវាងមានបញ្ហានៅពេលអាជ្ញាធរចុះចាត់វិធានការផ្លូវច្បាប់។
ព្រមជាមួយគ្នានេះ លោកអភិបាល ក៏បាន ដាក់បញ្ជាទៅលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ ត្រូវធ្វើការស្រាវជ្រាវ និងតាមដានវែករកមុខសញ្ញាមេខ្យល់ ដែលនៅពីក្រោយបទល្មើសចូលទន្ទ្រានកាន់កាប់ដីកម្មសិទ្ធិឯកជន និងដីសាធារណៈ របស់រដ្ឋ នៅតាមក្រុងស្រុកមួយចំនួន ជាពិសេសស្រុកកព្រៃនប់ ដើម្បីឈានទៅចាត់ការទៅតាមផ្លូវច្បាប់ដោយមិនត្រូវលើកលែងនោះទេ។
លោក យន្ត មីន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា៖«ប្រទេសមានច្បាប់ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ»។
ឆ្លៀតឱកាសនេះដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ក្រុមប្រជាពលរដ្ឋ ឬក្រុមជនអនាធិបតេយ្យ ដែលចូលមកទន្ទ្រានដីកម្មសិទ្ធិឯកជន និងដីរដ្ឋនៅតាមតំបន់មួយចំនួន ជាពិសេសនៅមូលដ្ឋានស្រុកព្រៃនប់ ឲ្យដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិ ឯកជន និងដីសាធារណៈរបស់រដ្ឋទាំងនោះជាបន្ទាន់ ព្រោះនឹងត្រូវប្រឈមមុខច្បាប់ធ្ងន់ធ្ងរ នៅពេលកម្លាំងចម្រុះចុះអនុវត្តវិធានការក្តៅចុះបង្ក្រាបបទល្មើសខាងលើនេះ៕ ដោយ ៖ ដែន សីមា