ភ្នំពេញ ៖ សូមប្រុងប្រយ័ត្ន !!! ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃើញមានការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការឆបោកកម្ចីអនទ្បាញ ក្រោមទំព័រហ្វេសប៊ុកឈ្មោះ “ម៉ាដាម កម្ចី” បានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ។ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅ តាមរយៈគណនីហ្វេសប៊ុក (Messenger) ពេលនោះ គេតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមឈ្មោះ “ម៉ាដាម អត្រាកម្ចីប្រាក់” ភ្ជាប់នឹងលេខ 011 940 695។
ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យពួកគាត់ ថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យពួកគាត់ស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬ ថ្លៃរដ្ឋបាល ជាដើម ក្រោយពីទទួលបានប្រាក់ ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយជាបន្តបន្ទាប់ រហូត ផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះនោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យ មកធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន សូមមេត្តាពិនិត្យ ពិចារណាអោយបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ។ រក្សាសិទ្ធដោយ៖សុទ្ធលី


