ភ្នំពេញ៖ ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលថា នៅក្នុងឱកាសដ៏មហាប្រសើរនៃការរំឭកខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ក្នុងព្រះបរម នាមព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមថ្វាយនូវសេចក្តី គោរពសក្ការៈ សម្តេចព្រះមហាសង្ឃរាជ ប្រគេនជូនព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជម្រាបសួរ សុខទុក្ខ ព្រមទាំងសេចក្តីនឹករឭកដល់បងប្អូន កូនចៅ ចៅទួតទាំងអស់នៅទូទាំងប្រទេស ដែលជានិច្ចកាលតែងត នឹករឭក គោរពស្រឡាញ់ និងផ្ដល់នូវស្វាមីភ័ក្ត ព្រមទាំងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះ បរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត និងរូបខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ដែលកាយវិការដ៏វិសេសវិសាល នេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ ចងចាំ និងគោរពស្រឡាញ់មិនអាចបំភ្លេចបាន។
ក្នុងការប្រារព្ធទិវាដ៏ប្រពៃនេះ ដូចជារៀងរាល់ឆ្នាំផងដែរ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមចូលរួម សម្តែងក្ដីអបអរ សាទរនៃការរំឭកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរី ភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្ត្រីនៅក្នុងសង្គម ដែលទាំងនេះគឺជាមូលដ្ឋាន និងជា យុទ្ធសាស្រ្តគន្លឹះមួយ នាំមកនូវការផ្ដល់កាលានុវត្តភាពពេញលេញដល់ស្រ្តី និងក្មេងស្រី ដើម្បីចូលរួម និងទទួលភាគ ផលដោយស្មើភាពពីកិច្ចអភិវឌ្ឍ។
ក្នុងទិវាដ៏ប្រសើរ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការកោត សរសើរក្រសួងកិច្ចការនារី និងសូមគាំទ្រប្រធានបទដែលបានលើកឡើងស្របទៅតាមបរិការណ៍របស់ប្រទេសយើងគឺ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបានន សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបាន រស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការរួម ចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះ បានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ប្រធានបទនេះ ក៏ឆ្លើយតបផងដែរទៅ នឹងក្របខណ្ឌសកល នៃរបៀបវារៈស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ» ដែលជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ លេខ១៣២៥ លើការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រី ក្នុងការចូលរួមកសាង ថែរក្សា សន្តិភាព និងសន្តិសុខយូរអង្វែង ព្រមទាំងការស្ដារឡើងវិញក្រោយជម្លោះ។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ សន្តិ ភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ សុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន និងពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ ជាកូនចៅ ចៅទួត បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ ប្រពៃណីដោយសេរី និងទទួល បាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ អាស្រ័យកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងគោលនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមដោយតួអង្គ សំខាន់ ក្នុងនោះមាន ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងឥស្សរជនមួយចំនួន ទៀត បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញបរិបូរណ៍ ធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវកិច្ចអភិវឌ្ឍលើ គ្រប់វិស័យដូចក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និង មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជារាស្ត្រកម្ពុជាគ្រប់រូប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំ សូមសម្តែងនូវការកោតសរសើរនិងអំណរគុណដល់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងបន្តបំពេញកិច្ចការរបស់ខ្លួនក្នុងការថែរក្សា សុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់បម្រើឧត្តមប្រយោជន៍ ជាតិ និងប្រជាជន។ ជាសក្ខីភាព ក្នុងកាលៈទេសៈនៃវិបត្តិដែលបង្កដោយបញ្ហាជម្លោះព្រំដែន រាជរដ្ឋាភិបាលបាន ប្រកាន់ខ្ជាប់នូវជំហរដោះស្រាយដោយសន្តិវិធី និងអត់ធ្មត់ ដើម្បីរក្សាសុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងជនភៀសសឹកដែលរងគ្រោះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គ ស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផា ដែលបានដឹកនាំដ៏វាងវៃកម្មវិធីមនុស្សធម៌ និងបានរួមចំណែកយ៉ាង សកម្មក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង កាលពីពេលថ្មីៗនេះ ដែលបានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការរស់នៅរបស់ ប្រជាជន។
រាជរដ្ឋាភិបាល នាអាណត្តិកន្លងមកក៏ដូចនាពេលបច្ចុប្បន្ន នៅតែបន្តវិនិយោគលើការលើកកម្ពស់សមភាព យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រជាតិក្នុង គ្រប់វិស័យ សំដៅធានានូវគុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ សំដៅពង្រឹងភាពជាពលរដ្ឋ រស់នៅក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និង បរិយាបន្ន ដែលក្នុងនោះ“ស្ត្រីគឺជាស្នូល» តាមរយៈការផ្ដោតសំខាន់លើការអភិវឌ្ឍអភិបាលកិច្ចល្អ និងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីទាញយកភាគលាភប្រជាសាស្ត្រ និងយេនឌ័រ ដូចជាការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត ព្រមទាំងការលើកកម្ពស់ការការពារសិទ្ធិរបស់ស្ត្រី និង ក្មេងស្រីគ្រប់រូប។ សូមគាំទ្រទាំងស្រុងលើយុទ្ធសាស្ត្រដែលបានដាក់ចេញនេះ ដើម្បីឱ្យស្រ្តីនិងក្មេងស្រីគ្រប់រូប កាន់តែទទួលបាននូវកាលានុវត្តភាពពេញលេញ ប្រកបដោយសមធម៌ សមភាព ក្នុងគ្រប់ទិដ្ឋភាព ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ការណ៍នេះបានធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវស្ថានភាព ឋានៈតួនាទី និងសុខមាលភាព របស់ស្រ្តីនិងក្មេងស្រី ក៏ដូចជាសង្គមគ្រួសារ ទាំងនៅក្នុងក្របខ័ណ្ឌអភិបាលកិច្ច សេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងការ កសាង ថែរក្សាសន្តិភាព និងសន្តិសុខជាតិ។
ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា សូមថ្លែងអំណរព្រះគុណ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមអរគុណដ៏ជ្រាលជ្រៅដល់បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិទាំងអស់ ដែលបាននិងបន្តខិតខំប្រឹងប្រែង ចូលរួមអនុវត្ត និងគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បី ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ
ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ខ្ញុំ សូមសរសើរ និងសូមអរ គុណ ដល់បង ប្អូន កូន ចៅ ចៅទួត ជាស្ត្រីទាំងអស់នៅទូទាំងប្រទេសដែលបានកំពុងបន្តចូលរួមចំណែកយ៉ាង សកម្មក្នុងការងារអភិវឌ្ឍន៍គ្រួសារ សេដ្ឋកិច្ចនិងសង្គមជាតិ សហគមន៍និងសង្គម ព្រមទាំងបានរួមចំណែកយ៉ាង អស្ចារ្យក្នុងវិស័យការពារជាតិ ជាពិសេសក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលធ្វើឱ្យព្រះ រាជាណាចក្រកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ក្នុងអាស៊ាន និងលេខ១៤ក្នុងពិភពលោក ក៏ដូចរួមចំណែក យ៉ាងសកម្មក្នុងបេសកកម្មបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រកបដោយភាពក្លាហាន បានធ្វើឱ្យ ខ្ញុំ សូមកោត សរសើរ ដែលនេះជាសក្ខីភាពគាំទ្រលើប្រធានបទទិវាអន្តរជាតិនារី ៨មីនា ដែលក្រសួងកិច្ចការនារីបានលើក «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ខ្ញុំ សូមសរសើរ និងគាំទ្រក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គណៈកម្មាធិការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាំងអស់ដែលបាន និងកំពុងបន្តខិតខំប្រឹងប្រែងជំរុញការអនុវត្តនូវបេសកកម្មដ៏ថ្លៃថ្លា ដើម្បីស្រ្តី និងក្មេងស្រីឱ្យបានទទួលនូវកាលានុវត្ត ភាព និងសក្តានុពលពេញលេញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសមភាព សមធម៌ និង បរិយាបន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី





