ភ្នំពេញ ៖ សេចក្តីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩។ នៅថ្ងៃទី ១២មីនានេះ ក្រសួង ធនធានទឹក និងឧតុនិយម បាន ចេញសេចក្តីជូនដំណឹង ពីការហក់ឡើងកម្តៅ ៤០ទៅ ៤២ អង្សាសេ នៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង ក្នុងខែមេសា និងខែឧសភា ខាងមុខ។
យោងទៅតាមការព្យាករឧតុនិយមអន្តរជាតិ តំបន់ និងឧតុនិយមរបស់កម្ពុជាយើងផ្ទាល់ និងបន្ទាប់ពីបានសង្កេតតាមដានទៅលើស្ថានភាពសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងកម្រិតសីតុណ្ហភាពនៅលើសមុទ្រចិនខាងត្បូង រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ ២០១៩ ដូចខាងក្រោម ៖
១- បាតុភូត El Nino នៅតែបន្តមានឥទ្ធិពលគ្របដណ្តប់លើផ្នែកជាច្រើននៃពិភពលោក និងតំបន់។ ដោយឡែក ចំពោះកម្ពុជារបស់យើង នៅក្នុងរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩ នេះ នឹងបន្តទទួលរងឥទ្ធិពលបាតុភូត El Nino នេះ ក្នុងកម្រិត ៦០ % និង ៤០ % ទៀត ទទួលរង ឥទ្ធិពលពីបាតុភូតអន្តរកាល ( បាតុភូតដែលនៅចន្លោះរវាង El Nino និង La Nina )។
២- រដូវប្រាំង ៖ រដូវប្រាំងនៅកម្ពុជា នឹងបន្តអូសបន្លាយដល់ពាក់កណ្តាលខែឧសភា។ ក- សីតុណ្ហភាព ៖ សីតុណ្ហភាពអតិបរមាមធ្យម មានខ្ពស់ជាងមធ្យមច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ ២០១៨។ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សីតុណ្ហភាពអតិបរមាមធ្យមនឹងស្ថិតក្នុងរង្វង់ពី ៣៦-៣៨ °c។ ប៉ុន្តែ នៅក្នុងខែមេសា និងខែឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង ហើយនៅពេលខ្លះ សីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២ °c ពិសេសនៅតំបន់ទំនាបកណ្ដាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង។
ខ- ភ្លៀងកក់ខែ ៖ ភ្លៀងកក់ខែមានតិច ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន នៅក្នុងខែមេសា និងខែឧសភា។
៣- ដើមរដូវវស្សាឆ្នាំ ២០១៩ ៖ – រដូវវស្សា អាចនឹងមកដល់យឺតជាងធម្មតា ( រហូតដល់សប្តាហ៍ទី ៣ នៃខែឧសភា ទើបរដូវវស្សាចូលមកដល់ ) – នៅក្នុងខែឧសភា អាចមានភ្លៀងធ្លាក់តិចតួច តែរាយប៉ាយមិនបានល្អ – ធាតុអាកាសក្តៅ អាចនឹងបន្តអូសបន្លាយរហូតដល់ដើមខែមិថុនា។
៤- ទឹកភ្លៀង ៖ ចាប់ពីដើមខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា អាចមានទឹកភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ តែរាយប៉ាយមិនបានល្អ ។ ទឹកភ្លៀងប្រចាំឆ្នាំ ២០១៩ អាចនឹងមានបរិមាណតិចជាងមធ្យមភាគច្រើនឆ្នាំ។
៥- កូនរដូវប្រាំង ៖ អាចមានកូនរដូវប្រាំងកើតមានឡើង ចាប់ពីចុងខែកក្កដា ដល់ដើម ខែសីហា ( មានរយៈពេលប្រមាណពី ១៥-២០ ថ្ងៃ ) ។
៦- បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ៖ អាចមានបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន នៅក្នុងខែមេសា និងខែឧសភា ( ច្រើនជាងបណ្តាឆ្នាំកន្លងទៅ )។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន និងបន្តចូលរួមថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសូមអំពាវនាវដល់សាធារណជន សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ៕ ដោយ៖ កូឡាប