Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងសហរដ្ឋអាម៉េរិក កំណត់គោលដៅជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

ភាគីទាំងពីរបានយល់ស្របគ្នាថា ការអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាម៉េរិកនៅឆ្នាំនេះ តួនាទីកម្ពុជាជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាម៉េរិក និងការចូលរួមចំណែកដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ដើម្បីនាំមកនូវ សន្តិភាពតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានបើកឱកាសដ៏ល្អប្រសើរ សម្រាប់ការពង្រឹងទំនាក់ ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមបណ្ដាញព័ត៌មានវិទ្យា និងការ បោសសម្អាតមីន។

ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក (ART) នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយ ទទួលស្គាល់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់កាលានុវត្តភាពសេដ្ឋកិច្ចទៅ វិញទៅមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកំណត់ជំហានជាក់ស្តែង ដើម្បីធានាការអនុវត្ត កិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកជាថ្មីនូវ អំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងលើបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់អំពីវិធានការដែលត្រូវអនុវត្ត បន្ត ដើម្បីសម្រេចការប្តេជ្ញាចិត្តដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ និងបានសង្កត់ធ្ងន់ អំពីការចាំបាច់ក្នុងការពង្រឹងកិច្ចប្រឹងប្រែងស្ដារជំនឿ និងទំនុកចិត្តឡើងវិញ សំដៅឈានទៅដល់សន្តិភាពចីរកាល់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×