ប្រទេសកូរ៉េខាងជើងបានរំលោភទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកាន់តែខ្លាំង ដោយរបបនេះបានបង្កើនការនាំចូលប្រេងយ៉ាងច្រើន និងនាំចេញធ្យូងថ្មផងដែរ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
នៅក្នុងសេចក្តីរាយការណ៍កម្រាស់ ៤០០ទំព័រដែលចេញនៅថ្ងៃច័ន្ទ ដោយស្ថាប័នក្រុមអ្នកជំនាញអង្គការសហប្រជាជាតិស្តីពីកូរ៉េខាងជើង បាននិយាយថា ទីក្រុងព្យុងយ៉ាងក៏បានព្យាយាមលក់អាវុធទៅឲ្យប្រទេសនៅមជ្ឍិមបូព៌ា និងវាយប្រហារតាមអ៊ីនធឺណេត លើប្រព័ន្ធធនាគារទូទាំងពិភពលោកផងដែរ។
របាយការណ៍បញ្ជាក់ពីការរំលោភទៅនឹងបំរាមរបស់អង្គការសហប្រជាជាតិ ចេញក្រោយពេលមានការបរាជ័យក្នុងជំនួបកំពូល រវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែមុន។ ក្នុងជំនួបនោះ កូរ៉េខាងជើងចង់ឲ្យមានការដកទណ្ឌកម្មខ្លះ ដើម្បីដោះដូរទៅនឹង ការបោះជំហានទៅមុខក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល តែខាងអាមេរិច មិនយល់ស្រប។
របាយការណ៍និយាយទៀតថា ទីក្រុងព្យុងយ៉ាងធ្វើឲ្យទណ្ឌកម្មហាក់គ្មានប្រសិទ្ធភាពលើខ្លួន ដោយរបបនេះបានបង្កើនការនាំចូលប្រេងតាមរយៈការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅសមុទ្រ។ មន្ត្រីជប៉ុនបានសង្កេតឃើញកប៉ាល់របស់កូរ៉េខាងជើងចូលរួមក្នុងការផ្ទេរទំនិញជាមួយកប៉ាល់ផ្សេង។
របាយការណ៍ថា “កូរ៉េខាងជើងបន្តរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្និសុខ តាមរយៈការបង្កើន ការផ្ទេរប្រេង និងធ្យូងថ្មពីកប៉ាល់មួយទៅកប៉ាល់មួយដោយខុសច្បាប់”។
សូមបញ្ជាក់ថា កូរ៉េខាងជើងរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីរបបនេះបានបាញ់សាកល្បងមីស៊ីល និងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៧។ ក្នុងទណ្ឌកម្ម អង្គការសហប្រជាតិបានដាក់កំហិតពីចំនួនធ្យូងថ្ម និងប្រេងដែលក្រុងព្យុងយ៉ាងអាចលក់ និងនាំចូលបាន ប៉ុន្តែប្រទេសកុម្មុនិស្តនេះនៅតែល្មើសនឹងសេចក្តីសម្រេច ដោយបង្កើនការនាំចូលប្រេង និងនាំចេញធ្យូងថ្មយ៉ាងច្រើន។
លើសពីនេះទៅនេះ កូរ៉េខាងជើងក៏ប៉ុនប៉ងផ្គត់ផ្គងអាវុធតូច និងស្រាល ព្រមទាំងសំភារៈយោធាផ្សេងៗទៀត ទៅដល់ក្រុមឧទ្ទាមនៅក្នុងប្រទេសយ៉េមែនន ព្រមទាំងលីប៊ី និងសូដង់តាមរយៈមេអណ្តើក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភ៖ CNN