Saturday, September 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖ តប​តាម​ការ​អ​ញ្ចើ​ញ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន ដឹកនាំ​ដោយ លោក រី​ខា​ដូ អេ ដា​វីដ ជ្ជេ​អា អនុរដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ហ្វីលីពីន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ស្ដីពី​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​យោធា​រួមគ្នា​(JDCC)​កម្ពុជា​-​ហ្វីលីពីន​។ កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក នាយ​ឧ​ត្ត​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ និង លោក រី​ខា​ដូ អេ ដា​វីដ ជ្ជេ​អា អនុរដ្ឋមន្ត្រី​ការពារជាតិ ហ្វីលីពីន នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា នៅ​ទីស្ដីការក្រសួង​ការពារជាតិ​។

ថ្លែង​ក្នុង​សុន្ទរកថា​បើក​នៃ​កិច្ចប្រជុំ​ទ្វេភាគី លោក នាយ​ឧ​ត្ត​សេនី​យ៏ នាង ផាត មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រសួងការពារជាតិ​យើង​ទាំង​ពីរបាន​ឯកភាព​រៀបចំ​កិច្ច ប្រជុំ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​យោធា​រួម កម្ពុជា​-​ហ្វីលីពីន បន្ទាប់ពី​មានការ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​កាល ពីថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ដោយ​យល់ឃើញថា កិច្ចប្រជុំ​នេះ​ពិត​ជាមាន​សារសំខាន់ ដែល​ជាវ​ទិ​កា​មួយ​សម្រាប់​អន្តរ​កម្ម ប្រកបដោយ​ផ្លែផ្កា​ក្នុងការ​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ការពារជាតិ រវាង ប្រទេស​យើង​ទាំងពីរ​។ ដោយ​ពិនិត្យ​ទៅលើ​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៧ គឺមាន​វិស័យ​ជាច្រើន ដែល​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា រួមទាំង​គោលនយោបាយ​សន្តិសុខ និង​ការ​ការពារជាតិ​។ ការអប់រំ​ហ្វឹកហ្វឺន​, ការរក្សា​សន្តិភាព ដែល​ខាង​កម្ពុ​ជាមាន​ស្ថាប័ន​NPMEC ដែល​បាន​អនុវត្ត​កន្លងមកហើយ ហើយក៏​ជា​ស្ថាប័ន​សេនាធិការ​ដល់​ក្រសួងការពារជាតិ លើ​ការងារ​រក្សា​សន្តិភាព មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំនួយ​មនុស្សធម៌ និង​ការឆ្លើយតប​គ្រោះមហន្តរាយធម្មជាតិ​, ភ័ស្តុភា​ង និង​ការថែទាំ​, ឧស្សាហកម្ម និង​បច្ចេកវិទ្យា​យោធា រួមទាំង​ការស្រាវជ្រាវ និង​បច្ចេកវិទ្យា​។ កិច្ចប្រជុំ​ទ្វេភាគី​ស្ដីពីគណៈកម្មា​ធិការ សហប្រតិបត្តិការ​យោធា​រួមគ្នា កម្ពុជា​-​ហ្វីលីពីន បាន​ពិនិត្យ​លើ​ការចាប់ផ្ដើម​ជា​ជំហាន​ដំបូង គឺ​ការផ្លាស់ប្ដូរ​គណៈប្រតិភូ និង​បុគ្គលិក​យោធា ការផ្លាស់ប្ដូរ​ជំនាញ ឯកទេស ការផ្លាស់ប្ដូរ​សិក្ខាកាម ការជំរុញ និង​ការរៀបចំ​សិក្ខាសាលា​រួមគ្នា​, ការចូលរួម​សកម្មភាព ការពារជាតិ និង​សន្ដិសុខ ។​

គណៈប្រតិភូ​ទាំងពីរ​កម្ពុជា​-​ហ្វីលីពីន ក៏បាន​លើកឡើង​ពាក់ព័ន្ធ​ទៅនឹង​វិធានការ​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត​, ការប្រឆាំង​ភេរវកម្ម និង​ភាព​ហឹ​ង្សា​ជ្រុលនិយម ការងារ​សៀវភៅ​វ ការពារជាតិ ២០២០ របស់​កម្ពុជា​រួមទាំង​ការលើកឡើង​ពី​កិច្ចប្រជុំ​ADMM និង​ADMM-plus ដែល​នេះ​គឺ​សុទ្ធសឹងតែ​ជា​អ្វីដែល ភាគី​ទាំងពីរ​ត្រូវ​រួមគ្នា​លើកកម្ពស់​ជុំរុញ និង​សហការ​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ៕ ដោយ ​៖ កូឡាប

×