ស្ត្រីឥណ្ឌូនេស៊ីដែលត្រូវបានតុលាការម៉ាឡេស៊ីដោះលែងឲ្យមានសេរីភាព ក្រោយរងការចោទប្រកាន់ថា បានធ្វើឃាតលោក គីម ជុងណាម បងប្រុងម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា នាងមានអារម្មណ៍រន្ធត់ និងរំភើបយ៉ាងខ្លាំងនៅពេលបានដឹងថានឹងទទួលបានការដោះលែង។
ស្ត្រីរូបនោះមានឈ្មោះថា Siti Aisyah។ នាងរងការចោទប្រកាន់ពីបទមនុស្សឃាតតាមរយៈការប៉ាត សារធាតុគីមី VX ទៅលើមុខរបស់លោក គីម ជុងណាមនៅព្រលានយន្តហោះទីក្រុងកូឡាឡាំពួរកាលពីឆ្នាំ ២០១៧។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង BBC នាងបាននិយាយថា នាងនៅពេលមួយនាងបានគិតថា តើនេះជាដំណើរចុងក្រោយនៃជីវិតនាងឬយ៉ាងណា?
នាងនៅតែឆ្លើយថា នាងមិនបានចូលរួមក្នុងការធ្វើឃាតលោក គីម ជុងណាមនោះទេ ហើយនាងបដិសេធក្នុងការធ្វើអត្ថាធិប្បាយលំអិតនៅពេលគេសួរនាងអំពីការជ្រើសរើស និងអំពើបុរសដែលជ្រើសរើសនាងឲ្យចូលរួម នៅក្នុងកម្មវិធី ដែលនាងគិតថាជាកម្មវិធីទូរទស្សន៍។
នាង ព្រមទាំងស្ត្រីវៀតណាមម្នាក់ទៀតឈ្មោះ Doan Thi Huong ដែលរងការចោទប្រកាន់ដូចគ្នា បានបដិសេធថាពួកគេបានសម្លាប់លោក គីម ហើយពួកគេគិតថា វាជាកម្មវិធីកំសាន្តរបស់ទូរទស្សន៍ប៉ុណ្ណោះ។
ស្ត្រីឥណ្ឌូនេស៊ីនោះនិយាយថា “ខ្ញុំមិនដែលគិតថា ខ្ញុំត្រូវបានគេធ្វើឲ្យមានការច្របូកច្របល់មកដល់កម្រិតនេះសោះ”។
“ដំបូង ខ្ញុំមានអារម្មណ៍តក់ស្លុតណាស់ ខ្ញុំមិនជឿវាទាល់តែសោះ ថាខ្ញុំត្រូវគេដោះលែង ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់”។
នាងក៏បានសំដែងក្តីសង្ឃឹមផងដែរថា ស្ត្រីជនជាតិវៀតណាមដែលរងការចោទប្រកាន់ដូចរូបនាង នឹងត្រូវបានគេដោះលែងឲ្យមានសេដ្ឋភាពដូចគ្នា ក្នុងពេលឆាប់ៗនេះ។
អ្នកទាំងពីរអាចប្រឈមនឹងទោសប្រហារជីវិត ប្រសិនជាតុលាការរកឃើញថាមានទោស ដូចការចោទប្រកាន់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC