ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងមជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា នៃស្ថាប័ន IDP Education និងសាលាអន្តរជាតិ អេស អាយ អេស (SIS) ត្រូវបានចុះហត្ថលេខា នៅសាលាអន្តរជាតិ អេស អាយ អេស ផ្លូវលេខ 336 ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានាវេលាម៉ោង 10 ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី14 ខែមីនា ឆ្នាំ2019 ។
អនុស្សរណៈនេះ ធ្វើឲ្យសាលាអន្តរជាតិ អេស អាយ អេស(SIS)ក្លាយជាកន្លែងធ្វើតេស្ត IELTS មួយស្ថិតក្រោមការអនុញ្ញាតរបស់មជ្ឈមណ្ឌលធ្វើតេស្តផ្លូវការសម្រាប់ការធ្វើតេស្ត IELTS នៅកម្ពុជា ។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IELTS Cambodia បានមានប្រសាសន៍ថា៖ “យើងពិតជាមានក្តីសប្បាយរីករាយ ទទួលស្វាគមន៍សាលាអន្តរជាតិ អេស អាយ អេស ឲ្យធ្វើជាកន្លែងសម្រាប់ធ្វើតេស្ត IELTS នេះ។” “អនុស្សារណៈនេះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវការយល់ដឹងអំពីសារសំខាន់ នៃពិន្ទុគោលសម្រាប់សមត្ថភាពភាសាអង់គ្លេស សម្រាប់គោលបំណងនៃការសិក្សា និងការលើកកម្ពស់អាជីពការងារ នៅតាមស្ថាប័នឈានមុខគេនានានៅក្នុងប្រទេសកម្ពុជា។
យើងរីករាយ នឹងសហការជាមួយសាលាអន្តរជាតិ អេស អាយ អេស ដើម្បីបង្កើនចំនួនសិស្សធ្វើតេស្ត IELTS ឲ្យបានច្រើនបន្ថែមទៀត។”
លោកស្រី ងឿន ផល្លីនពោធីតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស បានមានប្រសាសន៍ថា៖ “សាលាអន្តរជាតិ អេស អាយ អេស គឺជាស្ថាប័នឈានមុនគេមួយ ក្នុងការបណ្តុះបណ្តាលថ្នាក់ភាសាអង់គ្លេស និងការអប់រំចំណេះទូទៅខ្មែរ អស់រយៈពេលជិត 17 ឆ្នាំមកហើយ។ សិស្សបញ្ចប់ការសិក្សាពីកម្មវិធីអប់រំចំណេះទូទៅ និងថ្នាក់វិទ្យាល័យ បានទៅបន្តការសិក្សា នៅតាមសាកលវិទ្យាល័យល្បីៗទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស” ។ “ហេតុនេះ ដើម្បីឆ្លើយតបនឹងកំណើនចំនួនសិស្សដែលចង់ទៅបន្តការសិក្សារបស់ពួកគេនៅក្រៅប្រទេស និងនៅតាមសាលាអន្តរជាតិនានា យើងបានសម្រេចចិត្តផ្តល់ការបណ្តុះបណ្តាល និងការធ្វើតេស្ត IELTS នៅសាលាអន្តរជាតិ អេស អាយ អេស។ តាមរយៈពិន្ទុ IELTS ដែលទទួលបានពីការធ្វើតេស្តនៅសាលាអន្តរជាតិ អេស អាយ អេស សិស្សអាចចុះឈ្មោះបានដោយផ្ទាល់នៅសាលារៀនណាមួយ ឬដាក់ពាក្យសុំទិដ្ឋការ ឬការងារបានទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។”
IELTS គឺជាតេស្តភាសាអង់គ្លេស ដែលពេញនិយមជាងគេបំផុតនៅក្នុងពិភពលោក ដែលមានអ្នកធ្វើតេស្តច្រើនជាង 3 លាននាក់ ជារៀងរាល់ឆ្នាំ និងមានស្ថាប័នជាង 10.000 កន្លែងទទួលស្តាល់នៅទូទាំងពិភពលោក រួមទាំងសាកលវិទ្យាល័យ សាលារៀន ក្រុមហ៊ុន អាជ្ញាធរអន្តោប្រវេសន៍ និងស្ថាប័នជំនាញដទៃផ្សេងទៀតជាច្រើន ដោយទទួលស្គាល់ថាតេស្ត IELTS គឺជាការកំណត់ពិន្ទុគោលលើសមត្ថភាពភាសាអង់គ្លេស។ IELTS គឺជាកម្មសិទ្ធិរួមរបស់ស្ថាប័ន British Council, IDP IELTS Australia និងCambridge Assessment English៕ ដោយ ៖ កូឡាប