ខេត្តរតនគិរី ៖ ជនសង្ស័យ៨នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំ បានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី។
ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី នៅថ្ងៃទី១៤ ខែមីនានេះ បានឲ្យដឹងថា សនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី កំលាំងជំនាញបានចុះបង្ក្រាបករណីជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យចំនួន២មុខសញ្ញា ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានធ្វើការសាកសួរ រួចបន្តទៅឃាត់ខ្លួនជនសង្ស័យ៦មុខសញ្ញាទៀត ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងអមដោយក្រឡាបញ្ជី២រូប បានធ្វើការឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួនធំ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ អ៊ុំ មិនាសិរីរៈ ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះបូរ៉ា រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ ៣.ឈ្មោះបាន ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ ៤.ឈ្មោះសារ៉ាត់ សម្ពស្ស ភេទស្រី អាយុ២០ឆ្នាំ ៥.ឈ្មោះផល សុខខឿន ភេទស្រី អាយុ៥៣ឆ្នាំ ៦.ឈ្មោះហេង សង ភេទប្រុស អាយុឆ្នាំ៦៣ ៧.ឈ្មោះហេង ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ៨.ឈ្មោះហេង តុលា ភេទស្រី អាយុ៣៤ឆ្នាំ ។ ក្រោយពីបានឃាត់ខ្លួន បានធ្វើតេស្តទឹកនោម លទ្ធផលវិជ្ជមាន២នាក់ អវិជ្ជមាន៦នាក់ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន១៧កញ្ចប់ (ធំ១៥កញ្ចប់ តូច២កញ្ចប់) ទម្ងន់៨០,៩១ក្រាមទាំងសម្បកថង់ ទូរស័ព្ទ១៣គ្រឿង ជញ្ជីញ១គ្រឿង ម៉ូតូ១គ្រឿង ដាវសាំម៉ារៃ២ដើម ថង់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសេពគ្រឿងញៀនមួយចំនួន៕ ដោយ ៖ បញ្ញាស័ក្តិ