ពោធិ៍សាត់ ៖ ដោយសារតែសូរ៉ាធ្វើឲ្យបុរសម្នាក់ហ៊ានដុតបំផ្លាញ និងវាយកំទេចចោលនូវទ្រព្យសម្បត្តិខ្លួនឯងខូចខាតអស់ជាច្រើន កុំតែបានអ្នកស្រុកជួយទាន់ ។ ហេតុការអំពើហិង្សាដុតបំផ្លាញ និងវាយកំទេចទ្រព្យក្នុងផ្ទះរបស់ខ្លួននេះកើតឡើង កាលពីវេលាម៉ោង០០និង ៤៥នាទីរំលងអាធាត្រនាថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៩ នៅចំណុចភូមិក្តី ឈ្នូល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ដោយការផ្តល់ព័ត៌មានពីក្រុមគ្រួសារអំពីករណីហិង្សាមួយនេះ នគរបាលស្រុកបាកានបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជងចុះដល់កន្លែងកើតហេតុចាប់ឃាត់ជនបង្កឈ្មោះស៊ឺម ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ យកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់តាមការនីតិវិធី ។ ប៉ុន្តែដោយការអង្វរករពីអាណាព្យាបាល សមត្ថកិច្ចបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាជាលើកទី១ តែបើពុំរាងចាលទេនោះ សមត្ថកិច្ចនិងចាត់តាមវិធានការច្បាប់ប្រសិនបើមានករណីនេះកើតឡើងនៅថ្ងៃក្រោយ ៕ ដោយ ៖ បញ្ញាស័ក្តិ