ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នេះបានមានប្រសាសន៍ថាៈគណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរ គណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុក ចន្ទ្រា ខេត្តស្វាយរៀង ដែលពិធីនេះបានប្រព្រឹត្តទៅនាសាលប្រជុំរបស់សាលាស្រុកស្រុកចន្ទ្រា ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោកតំណាងទីចាត់ការធនធានមនុស្សសាលាខេត្ត លោក គង់វស្សាប្រធានក្រុមប្រឹក្សាស្រុក លោក ងួន រុាំ អភិបាលស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនិងមន្ត្រីនៅតាមអង្គភាពដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយ លោក ម៉ក់ សម្បត្តិ ត្រូវបានតែងតាំងជាអភិបាលរងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងលោក ប៊ឹង លំអង ត្រូវបានតែងតាំងជានាយករដ្ឋាបាលសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗដូចជា ៖
ទី១-មន្ត្រីគ្រប់រូបត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
ទី២-បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
ទី៣-បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។
ទី៤-យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។
ទី៥-ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។
ទី៦-បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។
ទី៧-បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
និងទី៨-ខិតខំរួមសហការគ្នាអភិវឌ្ឍន៍ស្រុកឲ្យកាន់តែមានការរីកចម្ររើនថែមទៀត ព្រមទាំងត្រូវចុះដោះស្រាយបញ្ហា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបានផលច្រើនជាងមុន ។
សូមបញ្ជាក់ថា ៖ យោងតាមប្រកាសស្តីពីការផ្ទេរភារកិច្ចនិងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ៖
– លេខ៥៧៤ប្រ.ក ចុះថ្ងៃច័ន្ទ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក ម៉ក់ សម្បត្តិ ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ អោយទៅជាអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
– លេខ៥៧៥ប្រ.ក ចុះថ្ងៃច័ន្ទ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានតែងតាំង លោក ប៊ឹង លំអង ឋានន្តរស័ក្ដិលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ អោយទៅជានាយករដ្ឋាបាលសាលាស្រុកចន្ទ្រា ខេត្តស្វាយរៀង ៕ ដោយ ៖ វ៉ៃកូ