Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។ សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា ការលួងលោម ឬការអូសទាញឱ្យប្រគល់នូវទ្រព្យ ឬដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ណាមួយ ដោយមានការអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ឬការក្លែងជាការលក់ផលិតផល ឬផ្តល់សេវាកម្មអនឡាញជាដើម។ កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំច្បាប់នេះ ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុតឥតងាករេក្នុងការបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ឆ្នាំ២០២៤ និងប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមលើទិដ្ឋភាពច្បាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់នេះ រួមមាន ទី១-ការបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥បន្ថែម មានជាអាទិ៍ (១) បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (២) បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (៣) បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (៤) បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ (៥) ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ និង ទី២-លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួន ដូចជា (១) រយៈពេលនៃការឃាត់ខ្លួន (២) ការផ្អាក ការឃាត់ទុក និងការបង្កក (៣) ការរឹបអូសទ្រព្យ (៤) ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស (៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×