ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុខសញ្ញាជនបរទេសម្នាក់ សញ្ជាតិ អ៊ីតាលី ស្នាក់នៅហួសVISA “ទិដ្ឋាការហួសសុពលភាព”ត្រូវបានកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ ចាប់បញ្ជូនទៅ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អនុវត្តតាមវិធានការច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវីធីខេត្ត បានចុះត្រួតពិនិត្យ និងឈានដល់ការឃាត់ខ្លួន ជនបរទេសម្នាក់ ស្នាក់នៅក្នុងមូលដ្ឋាន ក្រុងច្បារមន មកសួរនាំ រួចបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី(ន៧) នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ ជនបរទេសមានឈ្មោះGAGLIARDI ANGELO GABRIELE ភេទ ប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិ អ៊ីតាលី លិខិតឆ្លងដែនលេខ YB2076442 ផុតកំណត់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ (កាន់ឯកសារcopy) បានចូលមកស្នាក់នៅ ដោយខុសច្បាប់ នៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩នេះ។
ចំពោះស្ថានភាពជនបរទេសខាងលើដូចជា មានបញ្ហាផ្លូវចិត្ដ ”សតិមិនប្រក្រតី” បច្ចុប្បន្នក្រោយចំណាត់ការ ជំនាញបានសំរេចបញ្ជូនទៅ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រួមជាមួយម៉ូតូ ២គ្រឿង “សង្ស័យម៉ូតូជួលគេ” ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖កូឡាប