ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានព័ត៌មានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។
លោកទេសរដ្ឋមន្រ្តី បានបន្តថា មនុស្ស២នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីនេះ រួមមាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធ លោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។
ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាម លោកទេសរដ្ឋមន្រ្តី ករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេត រយៈពេល២០ថ្ងៃមកហើយ។ ប្រតិបត្តិការ២០ថ្ងៃ នឹងបញ្ជាក់លម្អិត ក្រោយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅកាន់តុលាការរួចរាល់។ រក្សាសិទ្ធដោយ៖សុទ្ធលី




